(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក ហៃកូ ម៉ាស (Heiko Maas) បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសតួកគីគួរតែចៀសវាងពីការបង្កហេតុ នៅក្នុងជម្លោះបូមយកឧស្ម័ននៅភាគខាងកើត សមុទ្រមេឌីទែរ៉ាណេ (Mediterranean) ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសអាល្លឺម៉ង់បាននិងកំពុងឈរនៅសាមគ្គីភាព ជាមួយប្រទេសស៊ីប (Cyprus) និងក្រិក (Greece) ក្នុងនាមជាដៃគូសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០។
លោក Maas បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញពីទីក្រុងប៊ែរឡាំង (Berlin) មុនពេលហោះហើរទៅកាន់ប្រទេសស៊ីប និងក្រិកថា «ទីក្រុងអង់ការ៉ា (Ankara) ត្រូវតែបញ្ឈប់សកម្មភាពរករឿងគ្នា និងការបង្កហេតុទាំងឡាយ ប្រសិនបើរដ្ឋាភិបាលប្រទេសនេះ នៅតែចាប់អារម្មណ៍ក្នុងការធ្វើកិច្ចពិភាក្សាគ្នា ដូចដែលខ្លួនធ្លាប់បានបញ្ជាក់ម្តងហើយម្តងទៀតនោះ»។ លោក Maas ថែមទាំងបានអំពាវនាវដល់ប្រទេសតួកគី ឱ្យនៅតែបើកចំហសម្រាប់កិច្ចពិភាក្សា និងបានអំពាវនាវឱ្យតួកគីឈប់បន្តការរុករកឧស្ម័ន នៅក្នុងតំបន់សមុទ្រ Mediterranean ទៀតផងដែរ។
គួរបញ្ជាក់ថា នាវាតួកគីមួយគ្រឿងកាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើដំណើរទៅស្ទាបស្ទង់បាតុភូតបន្ទុះភ្នំភ្លើង នៅភាគខាងកើតតំបន់សមុទ្រ Mediterranean ដែលបានជំរុញឱ្យប្រទេសក្រិច ចេញនូវការទាមទារថ្មីមួយឲ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មលើទីក្រុងអង់ការ៉ា ជុំវិញសិទ្ធិរុករកឧស្ម័ននៅឯនាយសមុទ្រ។ ដោយឡែកសហរដ្ឋអាមេរិកវិញ កាលពីពេលថ្មីៗក៏បានប្រកាសគាំទ្រប្រទេសស៊ីបផងដែរ ជុំវិញជម្លោះផលប្រយោជន៍ និងភូមិសាស្ត្រដែនសមុទ្រជាមួយតួកគី ដែលត្រូវបានគេចាត់ទុកថា ជាប្រទេសបងធំមួយប្រចាំតំបន់នេះ៕