(តៃប៉ិ)៖ កោះតៃវ៉ាន់បានចាត់ទុកការចោទប្រកាន់រឿងចារកម្ម ពីសំណាក់ប្រទេសចិនទៅលើប្រជាជនតៃវ៉ាន់ថា «ជាព័ត៌មានក្លែងក្លាយ» បន្ទាប់ពីទូរទស្សន៍រដ្ឋចិនបានចាក់ផ្សាយកម្មវិធីមួយ ដែលបង្ហាញឲ្យឃើញពីអ្នកសិក្សាជនជាតិចិន-តៃវ៉ាន់ម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិន ពីបទបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ស្របពេលដែលភាពតានតឹងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំងកំពុងកើនឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។
ប្រទេសចិនដែលចាត់ទុកកោះតៃវ៉ាន់ ត្រឹមតែជាខេត្តមួយរបស់ខ្លួន ដោយស្របច្បាប់អន្តរជាតិនោះ នាប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបង្កើនសកម្មភាពយោធា នៅក្បែរដែនកោះមួយនេះ រួមទាំងបានបញ្ជាយន្ដហោះចម្បាំង ហោះឆ្វែលជុំវិញខ្សែបន្ទាត់ពាក់កណ្តាល នៃច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ផងដែរ។
កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ ទូរទស្សន៍រដ្ឋចិនបានចេញផ្សាយថា បុរសជនជាតិចិន-តៃវ៉ាន់ម្នាក់ឈ្មោះ ឆឹង យូជីន (Cheng Yu-chin) ដែលធ្លាប់បង្រៀននៅសាធារណរដ្ឋឆែកបានសារភាពថា ខ្លួនបានធ្វើចារកម្ម។ របាយការណ៍នេះបានបង្ហាញថា លោក Cheng ធ្លាប់ធ្វើជាជំនួយការឲ្យលោក ឆូ ជុងតៃ (Cho Jung-tai) ដែលធ្លាប់កាន់តំណែងជាប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់កោះតៃវ៉ាន់ ដោយបុរសរូបនោះបានសារភាពនៅចំពោះមុខកាមេរ៉ាថា លោកដឹងថាសកម្មភាពរបស់លោក គឺពិតជាបានបង្កគ្រោះថ្នាក់ដល់ប្រទេសចិនពិតមែន។
របាយការណ៍ខាងលើបានបន្ថែមទៀតថា លោក Cheng ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិន តាំងតែពីខែមេសា ឆ្នាំ២០១៩មកម្ល៉េះ។ យ៉ាងណាមិញ លោក Cho និងគណបក្ស DPP បានច្រានចោទការលើកឡើងខាងលើ។ បន្ថែមពីលើនេះ លោក Cho បានបង្ហោះសារនៅលើបណ្តាញសង្គម Facebook ដូច្នេះថា លោកមិនដែលបានធ្វើការ ព្រមទាំងមិនស្គាល់ថាលោក Cheng ជានរណនោះឡើយ។ លោក Cho បានសង្កត់ធ្ងន់ថា របាយការណ៍នេះគឺជាព័ត៌មានក្លែងក្លាយ។
នៅជុំវិញបញ្ហានេះក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់កោះតៃវ៉ាន់ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេ និងមូលនិធិ Straits Exchange ដែលជាស្ថាប័នផ្លូវការគ្រប់គ្រងទំនាក់ទំនងជាមួយប្រទេសចិន ត្រូវបានសមាជិកគ្រួសារមួយចំនួនស្នើសុំឲ្យជួយអន្តាគមន៍។ ក្រុមប្រឹក្សាខាងលើនេះ ក៏បានថ្កោលទោសសកម្មភាពរបស់អាជ្ញាធរចិន ចំពោះការដាក់លោក Cheng នៅលើកញ្ចក់ទូរទស្សន៍ ដើម្បីឲ្យសារភាពផងដែរ ហើយបានបន្ថែមទៀតថា ប្រទេសចិនកំពុងលេងនយោបាយ តាមរយៈការព្យាយាមចោទប្រកាន់ប្រជាជនកោះតៃវ៉ាន់ថា បានធ្វើសកម្មភាពចារកម្ម។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃអាទិត្យបុរសជនជាតិចិន-តៃវ៉ាន់ម្នាក់ឈ្មោះ លី ម៉េងជូ (Lee Meng-chu) ដែលត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសចិន ក្រោមការចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិនោះ បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ចិន។ នៅជុំវិញបញ្ហាខាងលើ ក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់កោះតៃវ៉ាន់បានចាត់ទុកសកម្មភាពនេះថា ជារឿងដែលមិនអាចទទួលយកបាន និងបង្កអន្តរាយដល់ភាគីម្ខាងទៀត តាមរយៈការចាប់ខ្លួនរបស់ខ្លួនពីបទចារកម្ម និងមានចេតនាបំផ្លាញទំនាក់ទំនង ជាមួយកោះតៃវ៉ាន់ផងដែរ៕