(ប៉េកាំង)៖ ការនាំចូលរបស់ចិនបានកើនឡើងក្នុងកម្រិតខ្ពស់បំផុត កាលពីខែកញ្ញាកន្លងទៅនេះ ហើយការនាំចេញក៏មានកំណើនផងដែរ ខណៈដៃគូពាណិជ្ជកម្មកាន់តែច្រើនឡើង បានកាត់បន្ថយវិធានការរឹតត្បិត ដែលបានជំរុញបន្ថែមទៀតដល់ប្រទេសសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោកមួយនេះ ឲ្យកាន់តែមានលក្ខណៈប្រសើរឡើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០។
យោងតាមទិន្នន័យពីស្ថាប័នគយចិននៅថ្ងៃអង្គារនេះបានបង្ហាញថា ការនាំចេញរបស់ចិនក្នុងខែសីហាបានកើនឡើង ៩.៩% ខណៈការនាំចូលវិញបានកើនឡើង ១៣.២% ខ្ពស់ជាងការរំពឹងទុកដែលមានត្រឹមតែ ០.៣%ប៉ុណ្ណោះ។ ការនាំចេញរបស់ចិនកំពុងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស បើគិតចាប់តាំងពីការផ្ទុះវិបត្តិ COVID-19 ដែលបានបង្កឲ្យមានការលុបចោលការបញ្ជាទិញពីបរទេស។ នៅពេលដែលសេដ្ឋកិច្ចសកលបានចាប់ផ្តើមបើកឡើងវិញ ក្រុមហ៊ុនចិនក៏កំពុងប្រញាប់ប្រញាល់ ដណ្តើមចំណែកទីផ្សារអន្តរជាតិផងដែរ។
គួរបញ្ជាក់ថា ភាពតានតឹងរវាងអាមេរិក និងចិនត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក នាពេលខាងមុខ។ ប្រទេសចិននៅតែមិនទាន់អាចបំពេញតាមការសន្យារបស់ខ្លួន ក្នុងការជំរុញការទិញទំនិញពីសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងតំណាក់កាលទី ១ (Phase I) ដែលត្រូវបានចុះហត្ថលេខា កាលពីខែកុម្ភៈកន្លងទៅនេះឡើយ។ កាលពីខែកញ្ញា អតិរេកពាណិជ្ជកម្មរបស់ចិនជាមួយសហរដ្ឋអាមេរិកធ្លាក់មកនៅត្រឹម ៣០.៧៥ពាន់លានដុល្លារ បើធៀបនឹងខែសីហា ដែលមានរហូតដល់ ៣៤.២៤ពាន់លានដុល្លារក្នុងខែសីហា។
យ៉ាងណាក៏ដោយ ក្រុមមន្ត្រីចរចាពាណិជ្ជកម្មជាន់ខ្ពស់អាមេរិក និងចិនបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ តាមទូរស័ព្ទកាលពីខែសីហាកន្លងទៅ។ ទោះជាយ៉ាងណា រដ្ឋមន្រ្តីក្រសួងកសិកម្មសហរដ្ឋអាមេរិកលោក សុននី ភើដ (Sonny Perdue) បានបង្ហាញមន្ទិលសង្ស័យកាលពីដើមខែនេះ អំពីលទ្ធភាពប្រទេសចិន ក្នុងការអនុវត្តតាមការប្តេជ្ញាចិត្តទិញផលិតផលកសិកម្ម តាមការសន្យាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ របស់ខ្លួន៕