(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Johnson & Johnson បានឱ្យដឹងថា បានសម្រេចផ្អាកការធ្វើតេស្ដបេក្ខភាពវ៉ាក់សាំង COVID-19 របស់ខ្លួនជាបណ្ដោះអាសន្ន ដោយសារតែ មានអ្នកចូលរួមដោយស្ម័គ្រចិត្តក្នុងការធ្វើតេស្ដម្នាក់ធ្លាក់ខ្លួនឈឺ ដោយមិនទាន់ដឹងពីមូលហេតុ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយនាថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រុមហ៊ុន Johnson & Johnson បានបញ្ជាក់ទៀតថា អ្នកចូលរួមដែលធ្លាក់ខ្លួនឈឺ កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ និងវាយតម្លៃដោយក្រុមប្រឹក្សាឯករាជ្យទិន្នន័យ និងសុវត្ថិភាព រួមទាំងក្រុមអ្នកជំនាញរបស់ក្រុមហ៊ុនផងដែរ។
គួរជម្រាបថា កាលពីសប្ដាហ៍មុនសហភាពអឺរ៉ុបបានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Johnson & Johnson ដើម្បីទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុននេះ ៤០០លានដូស នៅពេលដែលវ៉ាក់សាំងផលិតបានជោគជ័យ និងត្រូវបានអនុញ្ញាតពីអាជ្ញាធរនិយ័តករអឺរ៉ុប។ យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងថា តើពេលណាទើបក្រុមហ៊ុនអាមេរិកមួយនេះ អាចចាប់ផ្តើមការធ្វើតេស្តឡើងវិញនោះឡើយ៕