(ហ្សឺណេវ)៖ អង្គការសហប្រជាជាតិ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា កត្តាបំរែបំរួលអាកាសធាតុ គឺជាអ្នកទទួលខុសត្រូវធំជាងគេ ដែលបានបង្កឲ្យមានគ្រោះមហន្តរាយធម្មជាតិ ជិតទ្វេដង ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។
ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិ ហៅកាត់ថា UNDRR បានគូសបញ្ជាក់ឲ្យដឹងថា មានគ្រោះមហន្តរាយធំៗចំនួន ៧,៣៤៨ បានកើតឡើងនៅរវាងឆ្នាំ២០០០ ដល់ឆ្នាំ ២០១៩ ដែលបណ្តាលឲ្យមនុស្សជាង ១.២លាននាក់ស្លាប់ ប៉ះពាល់ដល់ប្រជាជនប្រមាណ ៤.២លាននាក់ និងធ្វើឲ្យខូចខាតសេដ្ឋកិច្ចពិភពលោកប្រមាណ ២.៩៧ពាន់លានដុល្លាអាមេរិក។ ចំណែកឯ តួលេខនៃគ្រោះមហន្តរាយធំៗ ដែលបានកើតឡើងនៅរវាងឆ្នាំ១៩៨០ ដល់ ១៩៩៩ វិញ មានចំនួន ៤,២១២ករណី ដែលនេះមានន័យថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ តួលេខបានហក់ឡើងស្ទើរទ្វេដង។
ក្នុងរបាយការណ៍ដដែលនេះ បានបន្ថែមទៀតថា មូលហេតុនៃការកើនឡើងនៃតួលេខខាងលើ គឺភាគច្រើនបណ្តាលមកពី កត្តាបំរែបំរួលអាកាសធាតុ រួមមានដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្សល់ព្យុះជាដើម។
លោកស្រី Mami Mizutori ប្រធាន UNDRR បានលើកឡើងថា«យើងកំពុងតែបំផ្លាញខ្លួនឯង ដោយចេតនា។ នេះគឺជាការសន្និដ្ឋានតែមួយគត់ ដែលនឹងអាចកើតឡើង នៅពេលពិនិត្យមើលលើព្រឹត្តិការណ៍គ្រោះមហន្តរាយ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ»។ ទន្ទឹមនឹងនោះ លោកស្រីថែមទាំងបានចោទប្រកាន់រដ្ឋាភិបាលថា មិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីបង្ការពីគ្រោះធម្មជាតិឡើយ និងបានអំពាវនាវឲ្យមានការត្រៀមរៀបចំឲ្យបានល្អប្រសើរ សម្រាប់គ្រោះមហន្តរាយដែលកំពុងកើតមានឡើង៕