(ហ្សាកាតា)៖ យោងតាមប្រភពផ្លូវការមួយបានឲ្យដឹងថា ទឹកជំនន់បានជន់លិចផ្ទះជាង ៩០០ខ្នង នៅក្នុងភូមិចំនួន១២ ក្នុងសង្កាត់ Garut នៃខេត្តជ្វាខាងលិច (West Java) នៅថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
លោក Imam Imrania ដែលជាប្រធានផ្នែក logistic នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ នៃសង្កាត់ Garut បានប្រាប់ស៊ីនហួរ តាមខ្សែទូរស័ព្ទនៅថ្ងៃចន្ទនេះថា ប្រជាជនប្រមាណ ៨០០គ្រួសារ ត្រូវបានជម្លៀសទៅរកទីសុវត្ថិភាពដោយសារទឹកជំនន់ឡើងខ្លាំង ដែលបង្កឡើងដោយទឹកភ្លៀង។
លោក Imrania បានលើកឡើងយ៉ាងដូច្នេះថា«ភ្លៀងធ្លាក់ខ្លាំងដែលបានកើតឡើង កាលពីយប់ថ្ងៃអាទិត្យដល់ព្រឹកថ្ងៃចន្ទនេះ បណ្តាលឲ្យទឹកទន្លេ Cipalebuh និង Cikaso ហៀរច្រាំង និងបានជន់លិចផ្ទះនៅតំបន់ជុំវិញ។ ប៉ុន្តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយទេ៕