(តូក្យូ)៖ នៅថ្ងៃចន្ទនេះប្រទេសជប៉ុនបានប្រកាសថា ខ្លួននឹងបង្កើនសមត្ថភាពប្រព័ន្ធការពារគ្រាប់មីស៊ីល ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនានា ពីសំណាក់ប្រទេសកូរ៉េខាងជើង ដែលទើបតែបង្ហាញសព្វាវុធទំនើបៗ និងគ្រាប់មីស៊ីលស៊េរីថ្មី តាមរយៈព្យុហយាត្រាយោធាដ៏ធំសម្បើម កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។
កូរ៉េខាងជើងបានធ្វើក្បួនព្យុហយាត្រាយោធា ដ៏ធំសម្បើមួយដើម្បីអបអរខួបឆ្នាំទី ៧៥ នៃការបង្កើតគណបក្សពលករកូរ៉េ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ខណៈក្រុមអ្នកតាមដានបានអង្កេតឃើញអាវុធថ្មីៗមួយចំនួន ជាពិសេសគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលត្រូវបានគេជឿជាក់ថា មានសមត្ថភាពខ្លាំងជាងមុន ព្រោះតែទំហំរបស់វា ធំជាងគ្រាប់មីស៊ីលពីមុនៗរបស់កូរ៉េខាងជើង។ ក្រោយពីបានមើលឃើញទិដ្ឋភាពនេះ ប្រទេសជប៉ុនបានលើកឡើងថា «ការទប់ទល់សមត្ថភាពសព្វាវុធកូរ៉េខាងជើង កាន់តែមានភាពសំបូរបែប និងស្មុគស្មាញ»។
ជុំវិញបញ្ហាខាងលើនេះ ប្រធានលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីជប៉ុនលោក កាតុ កាត់ស៊ូណូបុ (Kato Katsunobu) បានប្រាប់សារព័ត៌មាននានានៅថ្ងៃចន្ទនេះថា «ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ដែលមានលក្ខណៈសំបូរបែប និងស្មុគស្មាញ យើងនឹងធ្វើការបង្កើនសមត្ថភាព ប្រព័ន្ធការពារមីស៊ីលរបស់យើងឲ្យកាន់តែខ្លាំងជាងមុន។ យើងបានដឹងរួចហើយថា មីស៊ីលមួយចំនួន (របស់កូរ៉េខាងជើង) ដូចដែលបានរៀបរាប់នោះ ពិតជាបង្កការលំបាកដល់យើងក្នុងការទប់ទល់ បើមើលទៅលើអ្វីដែលយើងមានបច្ចុប្បន្ន»។
គួរបញ្ជាក់ថា មន្ត្រីជប៉ុនខាងលើនេះបានបដិសេធ នៅក្នុងការបង្ហាញទស្សនៈផ្ទាល់របស់ជប៉ុន ចំពោះគ្រាប់មីស៊ីលថ្មីៗរបស់កូរ៉េខាងជើង ប៉ុន្តែលោក កាតុ កាត់ស៊ូណូបុ បានអះអាងរឿងមួយវិញថា ជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសដែលពាក់ព័ន្ធផ្សេងៗទៀត ដើម្បីការពារសុវត្ថិភាពប្រជាជនជប៉ុន៕