(ញូដេលី)៖ ប្រទេសឥណ្ឌា និងចិនបានចាប់ផ្តើមការចរចាគ្នាជាលើកទី ៧ ក្នុងកម្រិតមេបញ្ជាការភូមិភាគយោធានៃភាគីទាំងពីរ ស្តីពីការដកកងទ័ពចេញពីតំបន់ខ្សែបន្ទាត់ នៃការត្រួតពិនិត្យជាក់ស្តែងរួមគ្នា (Line of Actual Control ឬ LAC) នៅតំបន់កាត់តាមជួរភ្នំហិម៉ាល័យ (Himalayas) និងតំបន់ជម្លោះឡាដាក (Ladakh)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។
កិច្ចពិភាក្សាបានចាប់ផ្តើមនៅចន្ទនេះ ក្នុងភូមិជូស៊ូល (Chushul) ស្ថិតនៅខាងទឹកដីចិន។ តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានឲ្យដឹងថា អំឡុងពេលពិភាក្សាគ្នា រដ្ឋាភិបាលទីក្រុងញូដេលីបានស្នើឲ្យទីក្រុងប៉េកាំង ដកកងទ័ពចេញមុនពីតំបន់ Ladakh និងនៅក្នុងតំបន់ភាគខាងជើង និងខាងត្បូងនៃបឹង ផាងហ្គុង (Pangong) ផងដែរ។ ដោយឡែកប្រទេសចិនវិញបានរំពឹងថា នឹងស្នើឲ្យភាគីឥណ្ឌាដកកងទ័ពចេញមុនពីតំបន់ខាងលើដូចគ្នា។
ចាប់តាំងពីសង្រ្គាមឆ្នាំ១៩៦២ មកទល់ពេលនេះ ប្រទេសទាំងពីរមិនទាន់មានខ្សែបន្ទាត់ព្រំដែនត្រឹមត្រូវ នៅតំបន់ហិម៉ាល័យនៅឡើយទេ។ មូលហេតុនេះហើយ ទើបកងទ័ពភាគីទាំងពីរតែតែងមានការប៉ះទង្គិចគ្នា។ ជាក់ស្តែងបន្ទាប់ពីការប៉ះទង្គិចគ្នាមួយដ៏កក្រើក កាលពីខែខែឧសភាកន្លងទៅ ប្រទេសឥណ្ឌា និងចិនបានបង្កើនវត្តមានកងទ័ពនៅក្នុងតំបន់ជម្លោះរៀងៗខ្លួន។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាចុងក្រោយបង្អស់បានផ្ទុះឡើង កាលពីដើមខែកញ្ញា ក្រោយភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកថា បានបើកការការវាយប្រហារមុន។ ជាលទ្ធផល ប្រទេសឥណ្ឌា និងចិនបានបើកការកិច្ចពិភាក្សាយោធាកម្រិតខ្ពស់បំផុត ដើម្បីស្វែងរកដំណោះស្រាយព្រំដែនដ៏រ៉ុារ៉ៃ ហើយកិច្ចចរចាលើកទី ៦ ត្រូវបានធ្វើឡើងកាលពីចុងខែកញ្ញា៕