(កង់បេរ៉ា)៖ ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីទើបតែបានប្រកាសថា វីរុសកូរ៉ូណាថ្មី (SARS-CoV-2) ដែលបង្កទៅជាជំងឺ COVID-19 នោះអាចរស់នៅលើកែវ អេក្រង់ទូរស័ព្ទ ដែកអ៉ីណុក និងក្រដាសលុយបានរហូតដល់ ២៨ថ្ងៃឯណោះ ដែលថេរវេលានេះ គឺយូរជាងលទ្ធផលនៃការសិក្សាកាលពីលើកមុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។
អង្គការស្រាវជ្រាវឧស្សាហកម្ម និងវិទ្យាសាស្ត្រអូស្ត្រាលី (CSIRO) បានប្រកាសចេញនូវលទ្ធផល ក្រោយការសិក្សាស្រាវជ្រាវថ្មីរបស់ខ្លួនខាងលើនេះ ដើម្បីក្រើនរំលឹកអំពីឥទ្ធិពលនៃវីរុសកូរ៉ូណា ដែលបានចម្លងដល់មនុស្សជាង ៣៧លាននាក់ និងជាង ១លានបាត់បង់ជីវិតរួចទៅហើយ។ ការសិក្សាបានរកឃើញទៀតថា វីរុសកូរ៉ូណាថ្មី (COVID-19) អាចរស់នៅបានកាន់តែយូរ នៅក្នុងសីតុណ្ហភាពទាប ឬត្រជាក់ ហើយវាក៏កាន់តែរស់នៅបានយូរថែមទៀតដែរ នៅពេលវាស្ថិតនៅជាប់កញ្ចក់ ដែកអ៉ីណុក និងលុយដែលផលិតពីក្រដាស-ផ្លាស្ទិក។
ជុំវិញការសិក្សាខាងលើនេះ រូបវិទូជនជាតិអូស្ត្រាលីលោក ឡារី ម៉ាហ្សាល (Larry Marshall) ដែលជាប្រធានប្រតិបត្តិនៃអង្គការ CSIRO បាននិយាយថា «លទ្ធផលខាងលើនេះ គឺទទួលបានមកពីការសិក្សានាពេលកន្លងមកទៅលើ COVID-19 ក្នុងនោះមានទាំងការធ្វើតេស្តវ៉ាក់សាំង និងការពិនិត្យលើសំណល់រាវ (ទឹកលូ)។ ការស្វែងយល់ពីអាយុកាលនៃវីរុសឲ្យបានច្បាស់លាស់ នៅតាមវត្ថុនានាដែលវាទំជាប់នោះ គឺពិតជាកត្តាមួយចាំបាច់បំផុត ដែលអាចឲ្យយើងរកវិធីសាស្ត្រ ដើម្បីការពារប្រជាជនរបស់យើង»។
បើតាមការសិក្សាថ្មីដោយក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលី នៅក្នុងតំបន់ដែលមានសីតុណ្ហភាពជាមធ្យម ២០អង្សាសេ (ជាសីតុណ្ហភាពក្នុងបន្ទប់) វីរុសកូរ៉ូណាអាចរក្សាវត្តមានរបស់វា បានយ៉ាងយូររហូតដល់ទៅ «២៨ថ្ងៃ» នៅពេលដែលវាទំនៅជាប់ កែវ, ដែកអ៉ីណុក, អេក្រង់ទូរស័ព្ទ និងសន្លឹកលុយ។ ដោយឡែកនៅពេលសីតុណ្ហភាពកាន់តែខ្ពស់ អាយុជីវិតរបស់វាក៏កាន់តែខ្លីទៅតាមនោះដែរ ខណៈការពិសោធន៍ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងបន្ទប់ងងឹត ឬបិទជិត ដោយមិនតម្រូវឲ្យមានពន្លឺ UV ពីព្រះអាទិត្យចាំងចូលមករំខាននោះឡើយ៕