(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ថ្ងៃសៅរ៍នេះបានប្រកាសថា កោះតៃវ៉ាន់ចង់បើក «កិច្ចពិភាក្សាប្រកបដោយអត្ថន័យ» ជាមួយប្រទេសចិន ដោយឈរលើមូលដ្ឋានស្មើភាពគ្នា ខណៈភាពតានតឹងផ្នែកយោធារវាងភាគីទាំងពីរកំពុងតែកើនឡើងខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កោះតៃវ៉ាន់កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងៗ ដោយសារតែរដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ចូនយន្ដហោះចម្បាំង ហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) និងហោះហើរចូលក្នុងតំបន់ការពារដែនអាកាស ស្ថិតនៅភាគនិរតីរបស់កោះតៃវ៉ាន់ផងដែរ។ ចិនដែលចាត់ទុកកោះ តៃវ៉ាន់ គ្រាន់តែជាដែនដីមួយរបស់ខ្លួននោះ បានបង្កើនសកម្មភាពយោធា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលទីក្រុងប៉េកាំងហៅថា ការគប់គិតរវាងក្រុងតៃប៉ិ និងទីក្រុងវ៉ាស៊ីនតោន។
ថ្លែងនាឱកាសអបអរសាទរទិវាជាតិតៃវ៉ាន់ លោកស្រី Tsai បានគូសបញ្ជាក់ថា ស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ នាពេលបច្ចុប្បន្ននេះពិតជាមានតានតឹងខ្លាំងណាស់ រួមជាមួយជម្លោះនៅសមុទ្រចិនខាងត្បូង, ជម្លោះព្រំដែនចិន-ឥណ្ឌា និងបញ្ហានៅទៅទីក្រុងហុងកុង បានបង្ហាញថាលទ្ធិប្រជាធិបតេយ្យ និងសន្តិភាពនៅក្នុងតំបន់កំពុង ប្រឈមនឹងបញ្ហាធំ។ លោកស្រី បន្ថែមទៀតថា ប្រសិនបើទីក្រុងប៉េកាំងស្តាប់ពីការព្រួយបារម្ភរបស់កោះតៃវ៉ាន់ និងយល់ព្រមធ្វើការរួមគ្នាដើម្បីផ្សះផ្សាទំនាក់ទំនង តាមរយៈការសន្ទនាដោយសន្តិវិធី នោះភាពតានតឹងក្នុងតំបន់ប្រាកដជា ត្រូវបានដោះស្រាយជាក់ជាមិនខាន។ លោកស្រី បានសង្កត់ធ្ងន់ថាលោកស្រីនឹងបេ្តជ្ញា រក្សាស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ឲ្យបាន ប៉ុន្តែវាជាការទំនួសខុសត្រូវរវាងភាគីទាំងពីរ។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី Tsai នៅតែចាត់ទុកការពង្រឹងកងកម្លាំងយោធា របស់កោះតៃវ៉ាន់ជាអាទិភាពចម្បងដដែល ហើយប្តេជ្ញាបន្តជំរុញយន្តការនេះ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មិនស្វែងរកសង្គ្រាមឡើយ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បាននិងកំពុងជំរុញតៃវ៉ាន់ ឲ្យធ្វើទំនើបកម្មយោធាឲ្យកាន់តែមានសមត្ថភាពក្នុងការតបត ទៅនឹងការឈ្លានពានណាមួយ ពីសំណាក់ កងទ័ពចិន ទោះបីជាដែនកោះនេះដឹងថាខ្លួនគ្មានថ្ងៃអាចប្រកួតប្រជែង ជាមួយកម្លាំងយោធាដ៏ធំមហិមារបស់ចិនក៏ដោយ៕