(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃសៅរ៍នេះ បានបញ្ជាក់ជាថ្មីថាកូរ៉េខាងជើង គ្មានជនរងគ្រោះដោយសារ COVID-19 ឡើយ សូម្បីតែម្នាក់។
២៖ ប្រធានាធិបតីចិន សន្យានៅថ្ងៃសៅរ៍នេះថានឹងពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងជើង ឱ្យកាន់តែស៊ីជម្រៅ។
៣៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ប្រាក់ចំនួន ៤៨៦លានដុល្លារ ដល់ក្រុមហ៊ុនឱសថ អាស្ត្រាហ្សេណេកា (AstraZeneca) ដើម្បីអភិវឌ្ឍ និងធានានូវ ការផ្គត់ផ្គង់ថ្នាំប្រឆាំងជំងឺ COVID-19 ច្រើនជាង ១០ម៉ឺនដូស ជាប្រភេទថ្នាំស្រដៀងគ្នានឹងថ្នាំ រ៉េមដេស៊ីវា (Remdesivir) ដែលត្រូវបានប្រើប្រាស់នៅក្នុងដំណើរការ ព្យាបាល ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
៤៖ គណៈកម្មាធិការទទួលបន្ទុករៀបចំ វេទិកាតស៊ូមតិបេក្ខភាពប្រធានាធិបតីអាមេរិក (CPD) បានឱ្យដឹងថា ការជជែកដេញដោលជុំទី២ រវាងលោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីតំណាងបក្សសាធាណរដ្ឋ និងបេក្ខភាពប្រធានាធិបតីអាមេរិក មកពីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ នឹងមិនបន្តដំណើរការនោះទេ។
៥៖ ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីប្រកាសមួយថា ភាគីអាហ្សែបៃហ្សង់ និងអាមេនីបានយល់ព្រមលើ «បទឈប់បាញ់គ្នា» នៅតំបន់ជម្លោះ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) នោះហើយ បន្ទាប់ពីរុស្ស៊ីបានអំពាវនាវ និងកោះហៅរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ឲ្យចូលតុចរចាគ្នា។
៦៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានជម្រុញឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងទីក្រុងញូដេលី និងវ៉ាស៊ីនតោន ខណៈអាមេរិកផ្ទាល់បានអះអាងថា ការគំរាមកំហែងពីសំណាក់ចិន បានឈានចូលដល់មាត់ទ្វារផ្ទះទៅហើយ៕