(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាក់ជាថ្មីថាកូរ៉េខាងជើង គ្មានជនរងគ្រោះដោយសារ COVID-19 ឡើយ សូម្បីតែម្នាក់ ខណៈ អ្នកជំនាញតិចតួចណាស់ជឿថា កូរ៉េខាងជើងដែលមានព្រំដែនជាប់ចិន បែរជាគ្មានករណីឆ្លង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០។
លោក គីម ជុងអ៊ុន ធ្វើការប្រកាសបែបនេះ នៅក្នុងសុន្ទរកថាមួយនាឱកាសនៃការប្រារព្ធខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សពលកូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ ហើយលោកបានអរគុណយ៉ាងខ្លាំង ដល់កងទ័ពកូរ៉េខាងជើងទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែងដោះស្រាយគ្រោះមហន្តរាយធម្មជាតិ និងទប់ស្កាត់ការឆ្លង រាតត្បាត COVID-19។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីព្យុហយាត្រាយោធា ក្នុងទីក្រុងព្យុងយ៉ាង ដោយមិនបានពាក់ម៉ាស ហើយថែមទាំងថើបក្មេងៗ ដែល ជូនបាច់ផ្កាដល់លោកផងដែរ ខណៈពិធីនេះប្រព្រឹត្តទៅដោយហាក់ដូចជាគ្មានការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព ឬពាក់ម៉ាសឡើយ៕