(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានជម្រុញឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងទីក្រុងញូដេលី និងវ៉ាស៊ីនតោន ខណៈអាមេរិកផ្ទាល់បានអះអាងថា ការគំរាមកំហែងពីសំណាក់ចិន បានឈានចូលដល់មាត់ទ្វារផ្ទះទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CNA នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០។
លោក ប៉ុមប៉េអូ បានលើកឡើងបន្ទាប់ពីបញ្ចប់ជំនួបពិភាក្សា ជាមួយសមភាគីឥណ្ឌា ជប៉ុន និងអូស្ត្រាលី ដែលបានធ្វើឡើងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនយ៉ាងដូច្នេះថា «ពួកគេ (ឥណ្ឌា អូស្ត្រាលី និងជប៉ុន) ពិតជាត្រូវការសហរដ្ឋអាមេរិកក្លាយជាដៃគូ និងសម្ព័ន្ធមិត្តរបស់ពួកគេ ដើម្បីធ្វើការប្រយុទ្ធ (ប្រឆាំងចិន)។ ជាក់ស្តែងចិនពេលនេះកំពុងតែបង្កើនកម្លាំង យោធាដ៏ធំសម្បើម ដើម្បីប្រឆាំងឥណ្ឌានៅភាគខាងជើង...»។
លោក ប៉ុមប៉េអូ បានសង្កត់ធ្ងន់ទៀតថា «ពិភពលោកបានភ្ញាក់ហើយ។ ការចងសម្ព័ន្ធគ្នាត្រូវបានធ្វើឡើង។ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បាននិងកំពុងចងសម្ព័ន្ធភាពមួយ ដើម្បីប្រឆាំងតបត ទៅនឹងការគំរាមកំហែងទាំងឡាយ...»។
គួរបញ្ជាក់ថា នៅក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន និងការជួបពិភាក្សាគ្នាជាយុទ្ធសាស្ត្រ រវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ០៤ គឺអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលីខាងលើនេះ ក៏ទទួលបានការថ្កោលទោសធ្ងន់ៗ ពីទីក្រុងប៉េកាំងរួចមកហើយ។ ប្រទេសចិនបានហៅកិច្ចប្រជុំនេះថា ជាចេតនាបង្ករឿង និងចង់បង្អាក់ដំណើរការអភិវឌ្ឍរបស់ចិនតែប៉ុណ្ណោះ៕