(ប៊ែកឡាំង)៖ មន្ទីរពេទ្យអាល្លឺម៉ង់ នៅថ្ងៃសុក្រនេះបានព្រមានអំពីបញ្ហាកង្វះបុគ្គលិកពេទ្យ ដោយនិយាយថា ការកើនឡើងយ៉ាងគំហុក នៃករណីឆ្លងថ្មីៗនៃជំងឺ COVID-19 គឺមានន័យថាគ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកគាំទ្រផ្នែកសុខាភិបាលផ្សេងទៀត កំពុងធ្លាក់ខ្លួនឈឺម្តងម្នាក់ៗ ឬត្រូវដាក់ខ្លួនឲ្យស្ថិតនៅដាក់ដោយឡែកពីគេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។
ប្រទេសអាល្លឺម៉ង់ ដែលត្រូវបានគេមើលឃើញថា បានគ្រប់គ្រងនិងរក្សាអត្រាអ្នកឆ្លងឲ្យស្ថិតនៅតិចជាងគេ បើប្រៀបធៀបនឹងបណ្តាប្រទេសជិតខាងរបស់ខ្លួននោះ ឥឡូវនេះកំពុងប្រឈមនឹងការកើនឡើងនៃករណីឆ្លងថ្មីយ៉ាងគំហុក។ ជាក់ស្តែង នៅពីរថ្ងៃចុងក្រោយនេះ អាល្លឺម៉ង់បានកត់ត្រាករណីឆ្លងថ្មីៗច្រើនជាង ៤,០០០ករណី។
លោក Ulrich Frei ដែលជានាយកផ្នែកថែទាំសុខភាពនៅមន្ទីរពេទ្យ Berlin Charite បាននិយាយថា ស្របពេលដែលសន្ទុះនៃករណីឆ្លងថ្មី មានការកើនឡើងខ្លាំង នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បុគ្គលិកសុខាភិបាលកាន់តែច្រើនឡើង បានឆ្លងជំងឺ ឬត្រូវដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេ(ធ្វើចត្តាឡីស័ក)។
លោក Frei បានសង្កត់ធ្ងន់ថា ប្រទេសអាល្លឺម៉ង់ មានគ្រែថែទាំយ៉ាងច្រើន ហើយមានម៉ាស៊ីនជំនួយការដកដង្ហើម ប៉ុន្តែអ្វីដែលចោទនៅពេលនេះ គឺកង្វះបុគ្គលិក។ លោកបានលើកឡើងយ៉ាងដូច្នេះថា«បញ្ហាចោទសំខាន់បំផុត នៅពេលនេះគឺថា មិនមានបុគ្គលិកថែទាំគ្រប់គ្រាន់នេះតែម្តង»។
គួរជម្រាបថា បច្ចុប្បន្ន អាល្លឺម៉ង់មានករណីឆ្លងសរុបជាង ៣១.៦មុឺននាក់ ក្នុងនោះស្លាប់ជិត ១មុឺននាក់ និងជាសះស្បើយជិត ២៧មុឺននាក់៕