(ម៉ានីល/ហ្សាការតា)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃសុក្រនេះបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ២,៩៩៦ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសបានកើនដល់ ៣៣៤,៧៧០ករណីហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។
ក្រៅពីអ្នកឆ្លងថ្មីៗ ហ្វីលីពីន ក៏បានកត់ត្រាអ្នកស្លាប់ ៨៣នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៦,១៥២នាក់ ខណៈអ្នកជំងឺ ១,០៤៥នាក់ផ្សេងទៀតបានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ជាហេតុនាំឲ្យចំនួនអ្នកជាសះស្បើយពីជំងឺ COVID-19 សរុបក៏បានកើនដល់ ២៧៥,៣០៧នាក់ផងដែរ។
ចំណែកឯ នៅប្រទេសឥណ្ឌូនេស៊ីវិញ សន្ទុះនៃករណីឆ្លង COVID-19 ក៏មានការកើនឡើងយ៉ាងគំហុកផងដែរ។ ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ប្រទេសអាស៊ានមួយនេះ បានកត់ត្រាករណីអ្នកឆ្លងថ្មីៗរហូតដល់ ៤,០៩៤ករណី និងករណីស្លាប់ចំនួន ៩៧នាក់ផងដែរ។ ជាសរុប រហូតមកទល់ពេលនេះ ឥណ្ឌូនេស៊ីមានអ្នកឆ្លងទាំងអស់ ៣២៤,៦៥៨ករណី ក្នុងនោះស្លាប់ ១១,៦៧៧នាក់ និងជាសះស្បើយ ២៤៧,៦៦៧នាក់។
គួរជម្រាបថា បច្ចុប្បន្ន ប្រទេសហ្វីលីពីន គឺកំពុងឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសសមាជិកអាស៊ានដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុត បន្ទាប់មកគឺប្រទេសឥណ្ឌូនេស៊ី។ ដោយឡែក សម្រាប់អត្រាករណីស្លាប់វិញ ឥណ្ឌូនេស៊ីគឺបានដណ្តើមយកចំណាត់ថ្នាក់លេខ១វិញ៕