(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្សី នៅថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ១២,១២៦ករណីបន្ថែម ដែលនាំឱ្យករណីឆ្លងសរុប នៅទូទាំងប្រទេសបានកើនដល់ច្រើនជាង ១ .២លានករណីហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។
អាជ្ញាធររុស្សី បានណែនាំប្រជាជនរបស់ខ្លួនឱ្យអនុវត្តវិធានការ «ស្ថិតនៅផ្ទះ» នៅចុងសប្តាហ៍នេះ ខណៈអាជ្ញាធរក្រុងម៉ូស្គូ ក៏កំពុងពិចារណាលើការបិទបារ និងក្លិបរាត្រីដើម្បី បញ្ឈប់ការឆ្លងរាលដាលនៃរលកទី២ (COVID-19) នេះផងដែរ បន្ទាប់ពីករណីឆ្លងថ្មីៗខាងលើត្រូវបានរាយការណ៍ថាជាករណីឆ្លងខ្ពស់បំផុត ចាប់តាំងពីមានការឆ្លងរាលដាលនៃ COVID-19 នេះនៅក្នុងប្រទេស។
ការិយាល័យរបស់អភិបាលក្រុងម៉ូស្គូ កំពុងពិចារណាលើការបិទបារ ក្លិបរាត្រី និងខារ៉ាអូខេ ជាបណ្ដោះអាសន្ន ខណៈភោជនីយដ្ឋាននានានៅក្នុងទីក្រុង នៅតែអាចបន្តបើក ដំណើរការបានធម្មតា ព្រោះការធ្វើបែបនេះ យ៉ាងហោចណាស់ក៏អាចកាត់បន្ថយចំនួនប្រជាជននៅក្នុងទីក្រុងបានមួយចំនួនផងដែរ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសរុស្សីមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១,២៧២,២៣៨ករណី ក្នុងនោះមានអ្នកស្លាប់ ២២,២៥៧នាក់ និងជាសះស្បើយ ១,០០៩,៤២១នាក់៕