(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះបានប្រកាសថា ប្រទេសចិននឹងទិញវ៉ាក់សាំង COVID-19 តាមរយៈកម្មវិធី កូវ៉ាក់ (COVAX) ដែលជាគម្រោងនៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងចែកចាយវ៉ាក់សាំង COVID-19 ផ្ដួចផ្ដើមដោយអង្គការសុខភាពពិភពលោក (WHO) សម្រាប់ ១ភាគរយនៃចំនួនប្រជាជនរបស់ខ្លួនទាំងអស់ជិត ១,៤០០លាននាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង (Hua Chunying) បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា ការផ្លាស់ប្តូរនេះបានបង្ហាញពីការចូលរួមរបស់ប្រទេសចិន នៅក្នុងកម្មវិធីរបស់ WHO ដើម្បីផ្តល់ផលប្រយោជន៍នេះ ទៅឲ្យបណ្តាប្រទេសដទៃទៀត។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រទេសចិនបានប្រកាសចូលរួមជាផ្លូវការក្នុងកម្មវិធី COVAX កាលពីព្រឹកថ្ងៃសុក្រនេះ ហើយបានក្លាយជាប្រទេសមានសេដ្ឋកិច្ចធំដំបូង ដែលបានគាំទ្រគំនិតផ្តួចផ្តើមខាងលើ។ អ្នកនាំពាក្យខាងលើនេះបានបន្ថែមទៀតថា ប្រទេសចិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតវ៉ាក់សាំង COVID-19 ហើយនឹងផ្តល់អទិភាពផ្គត់ផ្គង់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ នៅពេលដែលវ៉ាក់សាំងបានត្រៀមរួចរាល់។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះកម្មវិធី COVAX ដែលស្ថិតក្រោមការដឹកនាំរបស់ អង្គការសុខភាពពិភពលោក (WHO) ព្រមទាំងសម្ព័ន្ធភាពអន្តរជាតិ GAVI និង CEPI មានវ៉ាក់សាំងចំនួន ០៩ហើយកំពុងស្ថិតនៅក្នុងការអភិវឌ្ឍ និងវ៉ាក់សាំងចំនួន ០៩ផ្សេងទៀតកំពុងស្ថិតនៅក្នុងការវាយតម្លៃនៅឡើយ ថែមទាំងមានគោលដៅក្នុងការផលិត ឲ្យបានវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ចំនួន ២ពាន់លានដូសនៅឆ្នាំ២០២១ខាងមុខនេះ៕