(អាមេរិក)៖ ក្រៅពីសត្វល្អិតទំលើក្បាលរបស់អនុប្រធានធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) ភ្នែកពណ៌ផ្កាឈូកដែលអាចឲ្យគ្រប់គ្នាមើលឃើញ អំឡុងពេលនៃការជជែកដេញដោលនោះ បាននិងកំពុងបង្កឲ្យមានការព្រួយបារម្ភថា លោក Pence មានសុខភាពមិនល្អ ឬអាចឆ្លងវីរុសកូរ៉ូណាផងក៏ថាបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។
លោក Mike Pence បានធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 មុនពេលលោកឡើងជជែកដេញដោល ជាមួយគូប្រជែងតំណែងអនុប្រធានាធិបតី របស់គណបក្សប្រជាធិបតេយ្យគឺលោកស្រី កាម៉ាឡា ហារីស (Kamala Harris) អ្នកប្រើប្រាស់បណ្តាញសង្គមបានចាប់អារម្មណ៍ ចំពោះអ្វីដែលមើលទៅដូចជាភ្នែកពណ៌ផ្កាឈូករបស់ លោក Pence ដែលជារោគសញ្ញានៃជំងឺ COVID-19។
អ្នកប្រើប្រាស់បណ្តាញសង្គមបានប្រទះឃើញថា ភ្នែកខាងឆ្វេងរបស់លោក Pence មានពណ៌ក្រហម និងមានទឹកភ្នែកតិចៗផងដែរ។ ពួកគេបានចោទសួរពីលទ្ធភាព ដែលអនុប្រធានាធិបតីរូបនេះមានផ្ទុកជំងឺ COVID-19 ហើយនៅតែប្រឹងចូលរួមក្នុងការជជែកដេញដោលទៀត ដែលប្រការនេះបាននិងកំពុងបង្កឲ្យមានរលកនៃរិះគន់យ៉ាងខ្លាំងក្លា។
យោងតាមមន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលមិនបញ្ចេញឈ្មោះ ដោយបានដកស្រង់ពីសារព័ត៌មាន Politico បានគូសបញ្ជាក់ថា ភ្នែកពណ៌ផ្កាឈូករបស់លោក Pence មិនមែនជារោគសញ្ញានៃការឆ្លងជំងឺ COVID-19 នោះឡើយ។ មន្ត្រីដែលមិនស្គាល់អត្តសញ្ញាណខាងលើ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបាននិយាយថា លោកអនុប្រធានាធិបតីមានជំងឺដាច់សរសៃឈាមក្នុងភ្នែក ប៉ុន្តែគ្មានហេតុផលអ្វី ដែលត្រូវមានការព្រួយបារម្ភខ្លាំងនោះទេ។
គួរបញ្ជាក់ថា លោក Pence បានធ្វើតេស្តអវិជ្ជចំពោះជំងឺ COVID-19 ប៉ុន្មានលើកមកហើយ បើទោះបីជាលោកធ្លាប់មានភាពស្និទ្ធស្នាលជាមួយលោក ដូណាល់ ត្រាំ, លេខាធិការសារព័ត៌មានសេតវិមានលោកស្រី ខាយឡេក ម៉ាកអ៉ីណានី (Kayleigh McEnany), និងប្រធានផ្នែកយុទ្ធនាការ POTUS លោក បៀល ស្ទេភាន (Bill Stepien) ព្រមទាំងមន្ត្រីសេតវិមាន ដែលមិនបញ្ចេញឈ្មោះផ្សេងៗទៀត៕