(ហុងកុង)៖ សំណេរអក្សរផ្ចង់លើផ្ទាំងក្រដាសរមូរ ដែលគេជឿជាក់ត្រូវបានសរសេរដោយផ្ទាល់ដៃ អតីតប្រមុខដឹកនាំបក្សកុម្មុយនិស្ដចិនលោក ម៉ៅ សេទុង ត្រូវបានគេរកឃើញហើយ បន្ទាប់ពីបានបាត់អស់រយៈជាច្រើនសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។

បើតាមប៉ូលិសហុងកុង សំណេរអក្សរផ្ចង់លើផ្ទាំងក្រដាសរមូរដែលមានតម្លៃប្រហែល ៦៤៥លានដុល្លារអាមេរិក ត្រូវបានគេកាត់ជាពាក់កណ្ដាល ដោយសារតែវាមានប្រវែងវែងពេករហូតដល់ទៅ ២.៨ម៉ែត្រ។ សំណេរអក្សរផ្ចង់នេះ ត្រូវបានគេលួចចេញពីផ្ទះរបស់អ្នកប្រមូលវត្ថុបុរាណម្នាក់ ក្នុងទីក្រុងហុងកុង គឺលោក ហ្វូ ឈុនហ្សាវ (Fu Chunxiao) កាលពីថ្ងៃទី ១០ ខែកញ្ញាកន្លងទៅ។

ប៉ូលិសហុងកុងបានឱ្យដឹងទៀតថា ក្រុមចោរបានលក់បំណែកមួយ នៃសំណេរអក្សរផ្ចង់សរសេរដោយលោក ម៉ៅ សេទុង ឱ្យមនុស្សម្នាក់ក្នុងតម្លៃ ៦៥ដុល្លារតែប៉ុណ្ណោះ ហើយអ្នកទិញនេះមានអាយុ ៤៩ឆ្នាំ ក៏ត្រូវបានចាប់ខ្លួនផងដែរកាលពីថ្ងៃទី២២ ខែកញ្ញា។ ប៉ុន្តែក្រោយមករូបគេត្រូវបានដោះលែងវិញ បន្ទាប់ពីព្រមប្រគល់បំណែកនៃសំណេរអក្សរផ្ចង់លើរមូរក្រដាសនោះឱ្យអាជ្ញាធរ ដោយបានពន្យល់អាជ្ញាធរថា រូបគេមិនដឹងថាវាជារបស់ដែលត្រូវបានលួចនោះឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅ ប៉ូលិសហុងកុងបានចាប់ខ្លួនជនសង្ស័យម្នាក់អាយុ ៤៤ឆ្នាំ ហើយនៅពេលនេះពួកគេកំពុងតាមរកមុខចោរពីរនាក់ផ្សេងទៀត ដែលកំពុងស្ថិតនៅក្រោមការសង្ស័យ៕