(ប៉េកាំង)៖ ប្រទេសចិនបានប្រកាសចូលរួមកម្មវិធី កូវ៉ាក់ (COVAX) ដែលជាគកម្រោងនៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងចែកចាយវ៉ាក់សាំង COVID-19 ដែលផ្ដួចផ្ដើមដោយអង្គការសុខភាពពិភពលោក (WHO) នោះហើយ។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន Bloomberg នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។
ក្រសួងការបរទេសចិនបានគូសបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការមួយថា ទីក្រុងប៉េកាំងបានសម្រេចចិត្តចូលរួមកម្មវិធីអភិវឌ្ឍន៍ និងចែកចាយវ៉ាក់សាំង COVAX ចំនួន ១៨ពាន់លានដុល្លារអាមេរិក ដែលជាគំនិតផ្តួចផ្តើមរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងគោលបំណងចង់ផ្តល់ឱ្យប្រទេស ដែលមានប្រាក់ចំណូលទាប នូវសិទ្ធិទទួលបានវ៉ាក់សាំងដូចគ្នានឹងប្រទេសអ្នកមានដែរ។ ប៉ុន្តែព័ត៌មានលំអិតនៃការប្តេជ្ញាចិត្តរបស់ប្រទេសចិន រួមទាំងចំនួនថវិការបស់ខ្លួន មិនត្រូវបានបង្ហាញឱ្យដឹងភ្លាមៗនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) បានគូសបញ្ជាក់បន្ថែមនៅក្នុងសេចក្តីថ្លែងការដដែលនោះថា «ទោះបីប្រទេសចិននាពេលបច្ចុប្បន្ននេះ កំពុងនាំមុខគេនៅក្នុងពិភពលោក ដែលមានវ៉ាក់សាំងជាច្រើន កំពុងស្ថិតនៅក្នុងដំណាក់កាលជឿនលឿននៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាមួយសមត្ថភាព នៃសង្វាក់ផលិតកម្មច្រើនគ្រប់គ្រាន់ក៏ដោយ ក៏ប្រទេសចិននៅតែសម្រេចចិត្តចូលរួមក្នុងកម្មវិធី COVAX ហើយក៏កំពុងបោះជំហានទៅមុខដែរ ដើម្បីធានាបាននូវសមភាពនៃការចែកចាយវ៉ាក់សាំង ជាពិសេសដល់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយចិនក៏សង្ឃឹមដែរថា ប្រទេសដែលមានសមត្ថភាពដទៃៗច្រើនទៀត នឹងចូលរួមគាំទ្រកម្មវិធី COVAX នេះផងដែរ»។
គួររំលឹកថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង (Xi Jinping) បានសន្យាកាលពីខែឧសភាកន្លងទៅនេះថា វ៉ាក់សាំងដែលបានអភិវឌ្ឍន៍ឡើងដោយប្រទេសចិន នឹងត្រូវបានចែកចាយជាសាធារណៈដល់សកលលោក ហើយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងប៉េកាំងបានបញ្ជូនសញ្ញាវិជ្ជមានថា ខ្លួននឹងសម្រេចចិត្តចូលរួមក្នុងកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក។ ការសម្រេចចិត្តនេះ ក៏អាចក្លាយជាចំណុចនៃការឈ្លោះប្រកែកគ្នា ជាមួយសហរដ្ឋអាមេរិកផងដែរ ខណៈភាពតានតឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ច ធំជាងគេបំផុតទាំងពីរនៅលើពិភពលោកនេះ កាន់តែកើនឡើងចាប់តាំងពីវិវាទពាណិជ្ជកម្ម រហូតដល់ជម្លោះផ្នែកបច្ចេកវិទ្យា និងសិទ្ធិមនុស្ស។
រដ្ឋបាលលោក ដូណាល់ ត្រាំ កន្លងមកនេះបានបដិសេធមិនចូលរួមជាមួយកម្មវិធី COVAX របស់ WHO នោះឡើយ ដោយអ្នកនាំពាក្យរបស់សេតវិមានទីក្រុងវ៉ាស៊ីនតោនធ្លាប់បាននិយាយថា «សហរដ្ឋអាមេរិកនឹងមិនត្រូវបានបង្គាប់ ដោយអង្គការពហុភាគីដែលរងឥទ្ធិពល ដោយអង្គការសុខភាពពិភពលោកដ៏ពុករលួយ និងប្រទេសចិននោះទេ»។
រហូតមកទល់ពេលនេះកម្មវិធី COVAX ដែលស្ថិតក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក (WHO) ព្រមទាំងសម្ព័ន្ធភាពអន្តរជាតិ GAVI និង CEPI មានវ៉ាក់សាំងចំនួន ០៩ហើយកំពុងស្ថិតនៅក្នុងការអភិវឌ្ឍ និងវ៉ាក់សាំងចំនួន ០៩ផ្សេងទៀតកំពុងស្ថិតនៅក្នុងការវាយតម្លៃនៅឡើយ ថែមទាំងមានគោលដៅក្នុងការផលិតឲ្យបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន ២ពាន់លានដូសនៅឆ្នាំ២០២១ខាងមុខនេះ៕