(ញូដេលី)៖ ប្រទេសចិនបានប្រាប់ឱ្យប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បញ្ឈប់ការហៅកោះតៃវ៉ាន់ថា «ប្រទេស» ព្រោះកោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។ ប្រតិកម្មខ្លាំងៗរបស់ចិននេះ បានកើតមានឡើងបន្ទាប់ពីអត្ថបទនៃសារព័ត៌មានឥណ្ឌា ត្រូវបានចុះផ្សាយយ៉ាងព្រោងព្រាត អំពីបុណ្យជាតិរបស់តៃវ៉ាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។
នៅក្នុងសេក្ដីថ្លែងការណ៍របស់ខ្លួន ស្ថានទូតចិនប្រចាំទីក្រុងញូដេលី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានទូតចិនប្រចាំប្រទេសឥណ្ឌា សូមរំលឹកប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាជាមិត្តថា ប្រទេសចិនជាគឺមានតែមួយគត់នៅក្នុងពិភពលោក នោះគឺសាធារណរដ្ឋប្រជាមានិតចិន (PRC)។ ដូច្នេះយើងសង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌានឹងរក្សាគោលជំហររបស់រដ្ឋាភិបាលឥណ្ឌា លើបញ្ហាកោះតៃវ៉ាន់ ក៏ដូចជាបញ្ជៀសការបំពានលើគោលនយោបាយចិនតែមួយ»។
ជុំវិញបញ្ហាខាងលើនេះ ប្រទេសឥណ្ឌាមិនទាន់ទាំងបានធ្វើការបកស្រាយអ្វីផង ស្រាប់តែរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក ចូសិព វូ (Joseph Wu) បានចេញមុខតបតទៅចិនវិញថា ការប៉ុនប៉ងរបស់ចិនក្នុងបញ្ចុះបញ្ចូលប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា នឹងមិនបានសម្រេចឡើយ។
គួរជម្រាបថា ប្រតិបត្តិកម្មរបស់ចិនកើតមានឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាមួយចំនួន បានចុះផ្សាយអត្ថបទស្ដីពីថ្ងៃបុណ្យជាតិរបស់តៃវ៉ាន់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នៅក្នុងអត្ថបទនេះដែលបានធ្វើឱ្យចិនក្ដៅក្រាហាយទាំងនោះ គឺមានអមមកជាមួយរូបថតប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) និងកោតសរសើរឥណ្ឌាជាដៃគូរបស់តៃវ៉ាន់ ព្រមទាំងការសរសេរថាតៃវ៉ាន់ជាប្រទេស៕