(ម៉ូស្គូ)៖ ទីប្រឹក្សាពិសេសប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន គឺលោក Zamir Kabulov នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីការកាត់បន្ថយវត្តមានកងទ័ពអាមេរិក នៅប្រទេសអាហ្វហ្គានីស្ថាន ទំនងគ្រាន់តែជាវោហាសាស្ត្រ មុនការបោះឆ្នោតតែប៉ុណ្ណោះ។ នេះបើយោង តាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik លោក Kabulov បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះមើលទៅហាក់បីដូចជាវោហាសាស្ត្រ មុនការបោះឆ្នោតតែប៉ុណ្ណោះ ដោយលោក ត្រាំ ទំនងជាចង់បង្ហាញអ្នកបោះឆ្នោតរបស់លោកថា នឹងបំពេញតាមការសន្យារបស់លោក ដែលធ្លាប់បានសន្យាកាលពីការបោះឆ្នោតមុនៗ»។
លោក Kabulov បន្ថែមទៀតថា «វត្តមានកងទ័ពអាមេរិកពិតជាមិនបានរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងវិញនូវស្ថានភាព ក្នុងប្រទេស Afghanistan នោះឡើយ តើវត្តមានរបស់ពួកគេ ពិតជាមិនមានន័យទេឬ? តើស្ថានភាពនៅទីកន្លែងនោះមានភាពប្រសើរឡើងទេ? ផ្ទុយទៅវិញ វាកាន់តែអាក្រក់ឡើង»។
គួរជម្រាបថា នៅថ្ងៃព្រហស្បតិ៍នេះដែរ លោក ដូណាល់ ត្រាំ បានសន្យាថា កងទ័ពអាមេរិក ដែលនៅសល់គួរតែត្រូវបានដកចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃបុណ្យ ណូអែល (Christmas) ខាងមុខនេះ។ ជំនួយការលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក លោក David Helvey កាលពីខែមុន បានប្រាប់អនុគណៈកម្មាធិការត្រួតពិនិត្យ និងកំណែទម្រង់ស្តីពីសន្តិសុខជាតិថា កងទ័ពអាមេរិកទាំងអស់ អាចត្រូវបានដកចេញពីអាហ្វហ្គានីស្ថាន នៅត្រឹមខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ប្រសិនបើកិច្ចព្រមព្រៀងរវាងអាមេរិក និងតាលីបង់ត្រូវបានអនុវត្តដោយជោគជ័យ៕