(កង់បេរ៉ា)៖ ទីភ្នាក់ងារវិទ្យាសាស្ត្រជាតិអូស្ត្រាលីបានអះអាងថា បំណែកប្លាស្ទិកតូចៗ ឬគេអាចហៅម៉្យាងទៀតថាមីក្រូផ្លាស្ទិចប្រហែល១៤លានតោន ត្រូវបានរកឃើញ នៅបាតមហាសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។
អង្គការស្រាវជ្រាវវិទ្យាសាស្រ្ត និងឧស្សាហកម្មឯករាជ្យ ឬ CSIRO បានគូសបញ្ជាក់ឱ្យដឹងថា ការប្រើនាវាមុជទឹករ៉ូបូត ដើម្បីប្រមូលកាកសំណល់មីក្រូប្លាស្ទិកពីទីកន្លែង ដាច់ស្រយាលនានានៃឆ្នេរសមុទ្រភាគខាងត្បូង ប្រទេសអូស្រ្តាលី បានបង្ហាញពីបរិមាណនៃកាកសំណល់មីក្រូផ្លាស្ទិចទាំងនោះ មានចំនួនខ្ពស់ជាង២៥ដងនៃការសិក្សា ស្រាវជ្រាវដែលបានបង្ហាញពីលើកមុន។
គួរបញ្ជាក់ថា អ្នកវិទ្យាសាស្រ្តស្រាវជ្រាវសំខាន់នៃ CSIRO បានណែនាំថា កាកសំណល់មីក្រូប្លាស្ទិក ដែលបានបំពុលនៅពាសពេញបាតសមុទ្រពិភពលោក គឺជាបញ្ហា បរិស្ថាន ដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយលទ្ធផលនោះ បានបង្ហាញពីតម្រូវការបន្ទាន់ក្នុងការស្វែងរកដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ ដែលយើង ទាំងអស់គ្នាអាចជួយកាត់បន្ថយបញ្ហានេះបាន ដោយចៀសវាងការប្រើប្រាស់ប្លាស្ទិក ក៏ដូចជាគាំទ្រឧស្សាហកម្មកែច្នៃកាកសំណល់ និងការចោលសំរាមដោយមាន របៀបនៅក្នុងបរិស្ថានរបស់យើង៕