(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងត្រៀមកញ្ចប់ទណ្ឌកម្មថ្មីមួយ ប្រឆាំងនឹងវិស័យហិរញ្ញវត្ថុរបស់អ៉ីរ៉ង់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង បង្កើនការដាក់សម្ពាធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ លើទីក្រុងតេហេរ៉ង់ តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមុនការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយកាសែត Washington Post នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។
បើតាមកាសែត Washington Post ទណ្ឌកម្មខាងលើអាចនឹងត្រូវប្រកាសនៅថ្ងៃព្រហស្បតិ៍នេះតែម្ដង (ម៉ោងនៅវ៉ាស៊ីនតោន) ហើយមានគោលដៅរារាំងអ៉ីរ៉ង់ ពាក់ព័ន្ធវិស័យហិរញ្ញវត្ថុសកល។ សហរដ្ឋអាមេរិកបានចាប់ផ្ដើមដាក់ទណ្ឌកម្មលើអ៉ីរ៉ង់ឡើងវិញ ក្រោយប្រកាសដកខ្លួនចេញពី «កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥» ដោយមានគោលដៅលើវិស័យជាច្រើនជាពិសេសប្រេង, និងសកម្មភាពហិរញ្ញវត្ថុ តែលើកលែងចំណីអាហារ, ថ្នាំពេទ្យ និងការផ្គត់ផ្គង់ពាក់ព័ន្ធនឹងមនុស្សធម៌។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកញ្ញា សហរដ្ឋអាមេរិកក៏ធ្លាប់បានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងក្រសួងការពារជាតិអ៉ីរ៉ង់ផងដែរ បើទោះជាមានការថោ្កទោសពីទីក្រុងតេហេរ៉ង់ក៏ដោយ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរកាលពីដើមសប្តាហ៍នេះ ប្រទេសចិន និងប្រទេសជាង ២០ទៀត ក្នុងនោះក៏រួមមានអ៉ីរ៉ង់ កូរ៉េខាងជើង និងរុស្ស៊ីផងដែរ បើចេញសេចក្តីអំពាវនាវរួមគ្នាមួយ នៅក្នុងអង្គការសហប្រជាជាតិ (UN) ឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្ម ខណៈជំងឺរាតត្បាត COVID-19 កំពុងធ្វើឲ្យពិភពលោកទាំងមូលរងគ្រោះ ប៉ុន្តែសហរដ្ឋអាមេរិក មិនទាន់បានឆ្លើយតបនៅឡើយទេ៕