(បរទេស)៖ សេវាកម្មឃ្លាំមើលអាកាសធាតុ ឃូពើនីខឹស (Copernicus) របស់សហភាពអឺរ៉ុបបានឲ្យដឹងថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ បានបំបែកកំណត់ត្រាសីតុណ្ណភាព «ក្តៅបំផុត» របស់ពិភពលោក ដែលមិនធ្លាប់មានពីមុនមក។ សីតុណ្ណភាពបានកើនឡើងជាង ០.០៥អង្សាសេ បើធៀបជាមួយនឹងកំណត់ត្រាចាស់កាលពីខែកញ្ញា ឆ្នាំ២០១៩ នៅជ្រលងមរណ (Death Valley ជាកន្លែងក្តៅបំផុតលើផែនដី) ស្ថិតនៅវាលខ្សាច់ភាគខាងលិចរដ្ឋកាលីហ្វ័រញ៉ា ដែលសីតុណ្ហភាពបានកើនឡើងរហូតដល់ ៥៤.៤អង្សាសេឯណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នារសៀលថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។
បើតាមក្រុមអ្នកវិទ្យាសាស្ត្រ វាបានបង្ហាញយ៉ាងច្បាស់ថា ការកើនឡើងនៃសីតុណ្ណភាពនៅលើភពផែនដី គឺជំរុញដោយសារតែសកម្មភាពរបស់មនុស្ស។ ក្រុមអ្នកជំនាញនៃសេវាកម្មឃ្លាំមើលអាកាសធាតុ Copernicus ក៏បានកត់សម្គាល់ទៀតថា កម្តៅនៅតំបន់អាក់ទិក-ស៊ីបេរី (Siberian Arctic) នៅតែបន្កកើនឡើងឥតឈប់ឈរ លើសពីសីតុណ្ហភាពមធ្យមទៅហើយ។ ទន្ទឹងគ្នានេះ ទឹកកកនៅក្នុងសមុទ្រអាក់ទិកមានកម្រិតទាបបំផុត គិតចាប់តាំងពីកំណត់ត្រារូបភាពពីផ្កាយរណបបានចាប់ផ្តើម។
សម្រាប់ឆ្នាំ២០២០ នេះត្រូវបានគេរំពឹងថា នៅទ្វីបអឺរ៉ុបមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រា បើទោះបីជារដូវនៃសីតុណ្ហភាពត្រជាក់ បានចាប់ផ្តើមបណ្តើរៗហើយក៏ដោយ។ ការកើនឡើងនៃកម្តៅនៅជុំវិញពិភពលោក បានរួមចំណែកធ្វើឲ្យមានភ្លើងឆេះព្រៃ ដែលមិនធ្លាប់មាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក និងប្រទេសអូស្រ្តាលី ដែលជាឧទារហណ៍ជាក់ស្តែង។
លោកស្រី សាម៉ាន់ថា ប៊ឺហ្គែស (Samantha Burgess) នាយករងនៃទីភ្នាក់ងារសេវកម្មបម្រែបម្រួលអាកាសធាតុ Copernicus បានប្រាប់សារព័ត៌មាន BBC ថា ព្រឹត្តិការណ៍មួយចំនួនដែលបានកើតឡើង នៅជុំវិញពិភពលោកគឺមិនជារឿងមិនធម្មតាឡើយ ប៉ុន្តែវាក៏ជាសញ្ញាអាសន្នដែលប្រាប់ពីបម្រែបម្រួលអាកាសធាតុ យ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។
នៅជុំវិញបញ្ហាខាងលើ លោក អ៊ែដ ហរឃីនស៍ (Ed Hawkins) អ្នកជំនាញខាងអាកាសធាតុ មកពីសាកលវិទ្យាល័យរីដឌីង (Reading) ចក្រភពអង់គេ្លសបានគូសបញ្ជាក់ថា យើងធ្លាប់បានព្រមានអស់រយៈពេលច្រើនទសវត្សរ៍មកហើយថា ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើនឡើងៗ នឹងធ្វើឲ្យកម្តៅផែនដីកាន់តែក្តៅខ្លាំង។ អ្នកជំនាញរូបនេះ ក៏បានព្រមានថា ព្រឹត្តិការណ៍ដែលយើងកំពុងប្រឈមគ្រាន់តែជាកម្រិត ១ដឺក្រេតែប៉ុណ្ណោះ ហើយបើការបំពុលនៅតែបន្តយើងនឹងឆ្ពោះទៅរកកម្រិត ៣ដឺក្រេជាក់ជាមិនខាន ដែលជាកម្រិតក្តៅកាន់តែគ្រោះថ្នាក់ជាងនេះទៅទៀត៕