(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) និងបេក្ខនារីអនុប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យលោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានប៉ះទង្គិច គ្នាដោយពាក្យសម្ដីនៅក្នុងវេទិកាតស៊ូមតិអនុប្រធានាធិបតី នៅថ្ងៃពុធសប្ដាហ៍នេះជុំវិញការឆ្លងរាតត្បាត COVID-19 ដែលបានផ្ដាច់ជីវិតប្រជាជនអាមេរិកច្រើនជាង ២សែននាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។
នៅក្នុងវេទិកាតស៊ូមតិនៅឯសាកលវិទ្យាល័យូតាហ៍ (University of Utah) ក្នុងរដ្ឋ Utah លោកស្រី Kamala Harris បានឆ្លើយតបទៅនឹងសំនួរដំបូង របស់អ្នកសម្របសម្រួលពាក់ព័ន្ធនឹង COVID-19 ដោយចោទប្រកាន់លោក ដូណាល់ ត្រាំ និងលោក Mike Pence ថាបានរួមគ្នាបិទបាំងពីការឆ្លង COVID-19 តាំងពីដំបូង។
លោកស្រី Kamala Harris បានលើកឡើងយ៉ាងដូច្នេះថា «នៅថ្ងៃទី២៨ ខែមករា លោកអនុប្រធានាធិបតី និងលោកប្រធានាធិបតីត្រូវបានជូនដំណឹង អំពីជំងឺឆ្លងរាតត្បាតនេះ។ ពួកគាត់បានដឹងថា មានអ្វីកំពុងតែកើតឡើង តែពួកគាត់មិនបានប្រាប់អ្នកទេ... អ្នកសាកស្រមៃទៅមើល បើនៅថ្ងៃទី២៨ ខែមករា អ្នកបានដឹងពីរឿងនេះ តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួន? តែផ្ទុយទៅវិញទាល់តែថ្ងៃទី១៣ ខែមីនា ទើបអ្នកបានដឹង។ ពួកគាត់បានដឹង ហើយបានបិទបាំងរឿងទាំងនេះ»។
តែយ៉ាងណាក៏ដោយ ជាការឆ្លើយតបលោក Mike Pence ដែលធ្លាប់ជាប្រធានអង្គភាពប្រយុទ្ធប្រឆាំង COVID-19 នៃសេតវិមានបានការពាររដ្ឋបាលលោក ត្រាំ ដោយសង្កត់ធ្ងន់ថា ប្រសិនបើលោកប្រធានាធិបតី ត្រាំ មិនបានធ្វើសកម្មភាពអ្វីនោះ ប្រជាជនអាមេរិករហូតដល់រាប់លាននាក់ឯណោះ អាចនឹងបាត់បង់ជីវិត។ លោក Pence បានបន្ថែមទៀតថា «ខ្ញុំចង់ឱ្យប្រជាជនអាមេរិកដឹងថា លោកប្រធានាធិបតី ត្រាំ តែងតែតម្កល់សុខភាពប្រជាជនអាមេរិកមុនគេ»។
គួរជម្រាបថា វេទិកាតស៊ូមតិអនុប្រធានាធិបតី ត្រូវបានធ្វើឡើងនៅចំពេលមានការព្រួយបារម្ភកាន់តែខ្លាំង អំពីការឆ្លងជំងឺជាចង្កោមក្នុងសេតវិមាន បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបត្រូវបានគេរាយការណ៍ថា បានឆ្លង COVID-19 ជាបន្តបន្ទាប់ក្រោយលោក ត្រាំ និងភរិយាធ្វើតេស្ដវិជ្ជមាន៕