(កូឡាឡាំពួរ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មូហ៍យីដទីន យ៉ាស់ស៊ីន (Muhyiddin Yassin) នាថ្ងៃពុធនេះបានធ្វើតេស្តឃើញលទ្ធផលអវិជ្ជមានចំពោះ COVID-19 បន្ទាប់ពីរដ្ឋមន្ត្រីម្នាក់ដែលបានចូលរួមកិច្ចប្រជុំមួយ ដែលដឹកនាំដោយខ្លួនលោកផ្ទាល់ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជម្ងឺនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។
លោក Muhyiddin រួមជាមួយរដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តីចំនួន ១៣នាក់ បានចាប់ផ្តើមធ្វើចត្តាឡីស័កកាលពីថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងកិច្ចការសាសនា លោក ហ្សាលគីហ្វ្លី ម៉ូហាម៉ាត់ អាល់បាករី (Zulkifli Mohamad Al-Bakri) ឆ្លងជំងឺ COVID-19។ លោក Muhyiddin បច្ចុប្បន្ននេះមានសុខភាពល្អធម្មតាទេ តែទោះជាយ៉ាងណា លោកក៏នៅតែបន្តអនុវត្តបទបញ្ជាឱ្យនៅដាច់ដោយឡែកពីគេ (ចត្តាឡីស័ក) ដោយខ្លួនឯងរហូតដល់ថ្ងៃចុងបញ្ចប់ នៃរយៈពេល ១៤ថ្ងៃដែលបានកំណត់ដោយក្រសួងសុខាភិបាលរបស់ខ្លួនដែរ។
លោក Muhyiddin បានគូសបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា «ក្នុងនាមជានាយករដ្ឋមន្រ្តី ខ្ញុំក៏មិនត្រូវបានលើកលែងពីនីតិវិធីប្រតិបត្តិការស្ដង់ដា (SOP) ដែរ។ នេះជាលើកទី២ហើយ ដែលខ្ញុំត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) ចាប់តាំងពីមានការឆ្លងរីករាលដាលនៃ COVID-19 នេះនៅក្នុងប្រទេសមកម្ល៉េះ។ ខ្ញុំត្រូវតែប្រតិបត្តិតាមបទបញ្ជារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលបន្ថែមនៃជម្ងឺនេះ។ ចំណែកឯរដ្ឋមន្រ្តីចំនួន ០៧រូប និងអនុរដ្ឋមន្រ្តី ០៦រូបទៀតក៏មិនត្រូវបានលើកលែងពីការប្រតិបត្តិ តាមបទបញ្ជាដាក់ឱ្យនៅដាច់ដោយឡែកនេះដែរ តែប្រសិនបើពួកគេមិនប្រតិបត្តិតាមទេ យើងនឹងចាត់វិធានការបន្ថែមទៅលើពួកគេ»។
គួរជម្រាបថា រហូតមកទល់ពេលនេះប្រទេសម៉ាឡេស៊ីមានករណីឆ្លង COVID-19 សរុប ១៣,៥០៤ករណី ក្នុងនោះមានអ្នកស្លាប់ ១៤១នាក់ និងអ្នកជាសះស្បើយ ១០,៤២៧នាក់។ អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅម៉ាឡេស៊ីត្រូវបានគេមើលឃើញថា ហាក់មានសន្ទុះកើនឡើងវិញ នាប៉ុន្មានថ្ងៃមកនេះ ដែលជាហេតុបង្ខំឲ្យរដ្ឋាភិបាលគិតគូរ អំពើការបង្កើនវិធានការសុវត្ថិភាព៕