(វ៉ាស៊ីនតោន)៖ នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកនាយឧត្ដមសេនីយ៍ ម៉ាក មីល្លី (Mark Milley) ត្រូវបានគេរាយការណ៍ថា បានចាប់ផ្ដើមធ្វើចត្តាឡីស័កខ្លួនឯង បន្ទាប់ពីបានប៉ះពាល់មនុស្សម្នាក់ ដែលបានធ្វើតេស្ដវិជ្ជមាន COVID-19 ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងថា ជំងឺនេះអាចនឹងរាតត្បាត ក្នុងមន្ទីរបញ្ចកោណ ដែលជាបេះដូងនៃវិស័យការពារជាតិអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។
បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Milley បានធ្វើចត្តាឡីស័កខ្លួនឯងនៅឯផ្ទះ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រោយកងកម្លាំងឆ្មាំជាតិអាមេរិកបានប្រកាសថា មេបញ្ជាការរងរបស់ខ្លួនគឺលោក ឆាល រ៉េយ (Charles Ray) ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ។ លោក Charles Ray បានចូលរួមក្នុងកិច្ចប្រជុំជាច្រើន ជាមួយមន្ត្រីយោធាជាន់ខ្ពស់អាមេរិក ក្នុងនោះរួមមានទាំងលោក Mark Milley ផងដែរ នៅឯមន្ទីរបញ្ចកោណកាលពីសប្ដាហ៍មុន។
គួរជម្រាបថា ក្រៅពីលោក Mark Milley, លោក ចន ហាយធិន (John Hyten) ជានាយសេនាធិការរងចម្រុះកងទ័ពអាមេរិក រួមទាំងមន្ត្រីជាច្រើននាក់ទៀតមកពីអគ្គសេនាធិការរងចម្រុះ កងទ័ពអាមេរិក ក៏បានធ្វើចត្តាឡីស័កផងដែរ ខណៈកំពុងមានការព្រួយបារម្ភពីការឆ្លងជាចង្កោម នៅក្នុងមន្ទីរបញ្ចកោណ និងសេតវិមាន ចាប់តាំងពីលោក ដូណាល់ ត្រាំ ព្រមទាំងភរិយា និងមនុស្សជំនិតរបស់លោកជាច្រើននាក់ បានឆ្លង COVID-19 ជាបន្តបន្ទាប់៕