(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាស៊ី (Anthony Fauci) បាននិយាយថា ការឆ្លង COVID-19 ជាបន្តបន្ទាប់នៅក្នុងសេតវិមាន គឺមិនមែនជារឿងកុហកនោះទេ តែវាអាចត្រូវបានបង្ការ ឬទប់ស្កាត់បាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។
លោក Fauci បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយសហព័ន្ធនិស្សិតផ្នែកនយោបាយខេនណឺឌី (Kennedy Political Union) នៃសាកលវិទ្យាល័យអាមេរិកាំង (American University) នៅថ្ងៃអង្គារសប្ដាហ៍នេះ ខណៈមនុស្សជំនិតរបស់លោក ត្រាំ និងសមាជិកសភាបក្សសាធារណរដ្ឋជាច្រើននាក់បានឆ្លង COVID-19 បន្ទាប់ពីលោក ត្រាំ និងភរិយាត្រូវបានធ្វើតេស្ដវិជ្ជមាន កាលពីថ្ងៃសុក្រសប្ដាហ៍មុនមក។
លោក Fauci បានគូសបញ្ជាក់ដូច្នេះថា «វាគឺជាការពិតដែលជារៀងរាល់ថ្ងៃ មនុស្សជាច្រើនឆ្លងបាន COVID-19។ វាមិនមែនជារឿងកុហកឡើយ... តែវាជារឿងអកុសល ដែលអ្នកមើលឃើញស្ថានភាពនេះកើតឡើង ពីព្រោះវាជារឿងអាចត្រូវបានបង្ការ ឬទប់ស្កាត់បាន»។ បន្ថែមពីលើនេះ ឆ្លើយតបទៅនឹងសំនួររបស់និស្សិតម្នាក់ដែលបានសួរថា តើត្រូវពិភាក្សា ឬក៏ដោះស្រាយយ៉ាងដូចម្ដេចជាមួយសមាជិកគ្រួសារ ដែលនៅតែមិនជឿពីគ្រោះថ្នាក់របស់ COVID-19? អ្នកជំនាញកំពូលរូបនេះបានបន្ថែមថា បច្ចុប្បន្ននៅក្នុងសហរដ្ឋអាមេរិក មានមនុស្សច្រើនជាង ២សែននាក់បានស្លាប់ ក្នុងចំណោមអ្នកឆ្លងជាង ៧.៣លាននាក់ ហើយនៅទូទាំងសកលលោកមនុស្សច្រើនជាង ១លាននាក់បានស្លាប់។ នេះមិនមែនជារឿងលេងសើចនោះទេ»។
គួរជម្រាបថា លោក Anthony Fauci គឺជាមនុស្សម្នាក់ដែលតែងតែមានការខ្វែងគំនិតគ្នាជាមួយលោក ដូណាល់ ត្រាំ ជុំវិញការមើលស្រាលអំពីស្ថានការណ៍ COVID-19 ដោយលោកបានផ្ដល់យោបល់ជាច្រើនលើកថា ការពាក់ម៉ាសគឺជាវិធានការមួយដ៏ប្រសើរ ក្នុងការបង្ការការឆ្លងរាលដាល ហើយការមិនអនុញ្ញាតវិធានការបិទប្រទេស Lockdown ត្រូវបានធ្វើឡើងដោយពេញលេញនោះ គឺជាមូលហេតុធំមួយនាំឱ្យករណីឆ្លង និងស្លាប់កើនឡើង៕