Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ចូ បៃដិន៖ «បើលោក ដូណាល់ ត្រាំ មិនទាន់ជាទាំងស្រុងពីកូវីដ-១៩ នោះការតស៊ូមតិលើកទី២ មិនអាចធ្វើឡើងបានទេ» (Video inside)

07-10-2020 11:07

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បាននិយាយថា វេទិកាតស៊ូមតិនៅសប្ដាហ៍ក្រោយជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងមិនអាចប្រព្រឹត្តិទៅនោះទេ បើលោក ត្រាំ នៅតែមិនទាន់ជាសះស្បើយទាំងស្រុងពី COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។

ក្រោយយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរដ្ឋ Pennsylvania នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក បៃដិន ថ្លែងប្រាប់អ្នកសារព័ត៌មាននានាយ៉ាងដូច្នេះថា «ប្រសិនបើលោក ត្រាំ នៅតែមានផ្ទុក COVID-19 យើងមិនគួររៀបចំវេទិកាតស៊ូមតិនោះទេ»។ លោក បៃដិន បន្ថែមទៀតថា លោកមិនបានដឹងព័ត៌មានពីប្រាកដ អំពីស្ថានភាពសុខភាពរបស់លោក ត្រាំ នោះឡើយ ហើយលោកនៅតែមានបំណងចូលរួមក្នុង វេទិកាតស៊ូមតិជាមួយលោក ត្រាំ ប៉ុន្តែគ្រាន់តែលោកសង្ឃឹមថា រាល់គោលការណ៍សុវត្ថិភាពទាំងអស់នឹងត្រូវបានអនុវត្ត។

គួរជម្រាបតាមក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ បានបញ្ជាក់ថា លោកប្រធានាធិបតីនៅតែមានបំណងចូលរួមក្នុងវេទិកាតស៊ូមតិ លើកទីពីរជាមួយ លោក បៃដិន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា សប្តាហ៍ក្រោយនេះ បន្ទាប់ពីលោកត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ និងត្រឡប់ទៅសេតវិមានវិញ ដើម្បីតាមដានសុខភាពបន្ត។ អ្វីដែលសំខាន់នៅពេលនេះ គឺស្ថានភាពសុខភាព និងជំងឺរបស់លោក ដូណាល់ ត្រាំ ហាក់មិនទាន់មានការបញ្ជាក់ជាផ្លូវនៅឡើយទេ៕