(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបិទបញ្ចប់ការជជែកពិភាក្សា ជាមួយគណបក្សប្រជាធិបតេយ្យ ស្តីពីកញ្ចប់ជំនួយសេដ្ឋកិច្ច ខណៈដែលសហរដ្ឋអាមេរិកកំពុងរងផលប៉ះពាល់ យ៉ាងខ្លាំងដោយសារតែជំងឺរាតត្បាតសកល COVID-19 ផ្ទុយទៅវិញលោកបែរជាស្ដីបន្ទោស Facebook និង Twitter ពីការផ្សព្វផ្សាយព័ត៌មានមិនពិតពីវីរុសកូរ៉ូណា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។
សកម្មភាពរបស់លោក ដូណាល់ ត្រាំ បានទទួលរងការរិះគន់ភ្លាមៗពីសមាជិកសភាបក្សប្រជាធិបតេយ្យ និងយ៉ាងហោចណាស់សមាជិកគណបក្សសាធារណរដ្ឋមួយរូប ដោយបានលើកឡើងថា វិធានការបន្ថែមនៅតែចាំបាច់ ដើម្បីជួយសង្គ្រោះមនុស្សរាប់លាននាក់ ដែលបានបាត់បង់ការងាររបស់ពួកគេនៅក្នុងវិបត្តិ COVID-19 ខណៈដែលជំងឺនេះបានសម្លាប់ជិវិតពលរដ្ឋអាមេរិកាំងច្រើនជាង ២១ម៉ឺននាក់។
គួរបញ្ជាក់ថា ខាងលើនេះជាការសម្រេចអំពីគោលនយោបាយដ៏សំខាន់ជាលើកដំបូង ចាប់តាំងពីកាលវិលត្រឡប់មកសេតវិមានវិញ ដោយលោក ត្រាំ បានលុបចោលភ្លាមៗនូវការចរចា ជាមួយសមាជិកសភាបក្សប្រជាធិបតេយ្យ ជុំវិញការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងបានពន្យារពេលនៃការពិភាក្សារឿងនេះ រហូតដល់ក្រោយការបោះឆ្នោត ទោះបីជាករណីឆ្លងនៅទូទាំងប្រទេស កំពុងកើនឡើងក៏ដោយ។
លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter លោកយ៉ាងដូច្នេះថា «ខ្ញុំបានណែនាំអ្នកតំណាងរបស់ខ្ញុំ ឲ្យបញ្ឈប់ការចរចារហូតដល់ក្រោយការបោះឆ្នោត... ភ្លាមៗបន្ទាប់ពីខ្ញុំទទួលបានជ័យជម្នះ... យើងនឹងអនុម័តកញ្ចប់ថវិកាដ៏សំខាន់មួយ ដែលផ្តោតសំខាន់ទៅលើពលរដ្ឋអាមេរិកាំងដែលខិតខំធ្វើការ ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច»៕