(ហ្សឺណេវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃអង្គារនេះ ដោយគ្មានការពន្យល់លម្អិតថា វ៉ាក់សាំង COVID-19 អាចនឹងរួចរាល់នៅចុងឆ្នាំ២០២០ នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី ០៦ ខែតុលា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្ទរកថាបិទ នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការសុខភាពពិភពលោក ដែលពិនិត្យមើលលើការឆ្លើយតបជាសកលចំពោះជំងឺរាតត្បាត COVID-19 ប្រធាន WHO លោក Tedros Adhanom បានលើកឡើងដូច្នេះថា «យើងត្រូវការវ៉ាក់សាំង ជាមួយនឹងក្តីសង្ឈឹមថា នៅបំណាច់ឆ្នាំនេះ យើងនឹងអាចមានវ៉ាក់សាំង...មានសង្ឈឹម»។
ទន្ទឹមនឹងនោះ ប្រធានអង្គការសុខភាពពិភពលោករូបនេះ ក៏បានអំពាវនាវដល់មេដឹកនាំទាំងអស់ ឲ្យមានសាមគ្គីភាព និងប្តេជ្ញាចិត្តផ្នែកនយោបាយ ដើម្បីធានាឲ្យបានថា ការចែកវ៉ាក់សាំងនឹងប្រព្រឹត្តិទៅដោយយុត្តិធម៌ និងស្មើភាពគ្នា។
គួរជម្រាបថា បច្ចុប្បន្ន មានវ៉ាក់សាំងពិសោធន៍ចំនួន ០៩ ដែលកំពុងស្ថិតក្នុងកម្មវិធី COVAX ដែលដឹកនាំដោយ WHO។ កម្មវិធីនេះមានគោលដៅ ចែកចាយវ៉ាក់សាំង COVID-19 ចំនួន ០២ពាន់លានដូស នៅចុងឆ្នាំ២០២១។ រហូតមកទល់ពេលនេះ មានប្រទេសចំនួន ១៦៨ បានចូលរួមកម្មវិធីដែលផ្តួតផ្តើម ដោយអង្គការសុខភាពពិភពលោកមួយនេះ។ ប៉ុន្តែគួរឲ្យសោកស្តាយ ទាំងចិន ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី សុទ្ធតែមិនស្ថិតក្នុងចំណោមពួកគេទេ៕