(ស៊ុយអែត)៖ អ្នកវិទ្យាសាស្ត្រ ៣រូបដែលសិក្សាទៅលើប្រហោងខ្មៅ (Black hole) នៅថ្ងៃអង្គារនេះ ត្រូវបានគណៈកម្មការពានរង្វាន់ណូបែល ជ្រើសរើសជាជ័យលាភីផ្នែករូបវិទ្យាឆ្នាំ២០២០។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០។
រាជបណ្ឌិតសភាវិទ្យាសាស្ត្រស៊ុយអែត បានប្រកាសនៅថ្ងៃអង្គារនេះថា ពាក់កណ្តាលនៃពានរង្វាន់ណូបែលផ្នែករូបវិទ្យាឆ្នាំនេះ នឹងប្រគល់ជូនលោកសាស្ត្រាចារ្យ Roger Penrose ដែលជាជនជាតិអង់គ្លេស អាយុ៨៩ ឆ្នាំ ចំពោះ «ការស្រាវជ្រាវឃើញថា ការកកើតឡើងនៃប្រហោងខ្មៅគឺជាការព្យាករណ៍ដ៏រឹងមាំ នៃទ្រឹស្តី Theory of relativity»។ ចំណែកឯពានរង្វាន់ពាក់កណ្តាលទៀត នឹងត្រូវប្រគល់រួមគ្នា ជូនដល់លោកសាស្ត្រាចារ្យ Reinhard Genzel និងលោកស្រីសាស្ត្រាចារ្យ Andrea Ghez សម្រាប់ «សម្រាប់ការរកឃើញនូវវត្ថុដ៏ធំអស្ចារ្យ(supermassive )នៅចំពាក់កណ្តាលនៃកាឡាក់ស៊ីរបស់យើង»។
គួរជម្រាបថា ពានរង្វាន់ណូបែលផ្នែករូបវិទ្យា ជាពានរង្វាន់ដែលត្រូវប្រគល់ទៅឲ្យអ្នកស្រាវជ្រាវទាំងឡាយណា ដែលបានរកឃើញនូវគំរបគំហើញថ្មីៗ ដែលជាប្រយោជន៍សម្រាប់ការរីកចម្រើនផ្នែកវិទ្យាសាស្ត្ររូបវិទ្យា៕