(តៃប៉ិ)៖ ក្រសួងការពារជាតិនៃកោះតៃវ៉ាន់ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា យោធាតៃវ៉ាន់បានបញ្ចូនយន្តហោះចម្បាំងជាច្រើនគ្រឿង ដើម្បីបណ្តេញយន្តហោះចម្បាំងចិនដែលបានហោះឆ្វែលកោះនេះ ក្នុងចំនួនច្រើនជាងទ្វេដងបើធៀបនឹងឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០។

ប្រទេសចិនដែលចាត់ទុកកោះតៃវ៉ាន់ គ្រាន់តែជាដែនដីមួយរបស់ខ្លួននោះ បានបង្កើនសកម្មភាពយោធា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលទីក្រុងប៉េកាំងហៅថា ការគប់គិតរវាងក្រុងតៃប៉ិ និងទីក្រុងវ៉ាស៊ីនតោន។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យន្ដហោះចម្បាំងចិនបានហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) និងហោះហើរចូលក្នុងតំបន់ការពារដែនអាកាស ស្ថិតនៅភាគនិរតីរបស់កោះតៃវ៉ាន់ផងដែរ។ នៅក្នុងរបាយការណ៍របស់ ក្រសួងការពារជាតិកោះតៃវ៉ាន់ទៅឲ្យសភាបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០នេះ កងទ័ពអាកាសតៃវ៉ាន់បានហោះស្ទាក់យន្តហោះចម្បាំងចិនរហូតដល់ ៤,១៣២ដង កើនឡើង ១២៩ភាគរយ ឬស្មើជាង២ដងបើប្រៀបធៀបនឹងឆ្នាំមុន។

គួរបញ្ជាក់ថា ប្រទេសចិនមានការខឹងសម្បារយ៉ាងខ្លាំង ដោយសារសហរដ្ឋអាមេរិកកាន់តែបង្ហាញការគាំទ្រ ដោយបើកចំហចំពោះកោះតៃវ៉ាន់ ព្រមទាំងទស្សនកិច្ចពីសំណាក់មន្ត្រីជាន់សហរដ្ឋអាមេរិក ទៅកាន់កោះមួយនេះ បានធ្វើឲ្យទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនឲ្យកាន់តែមានភាពអាក្រក់ទ្វេឡើង។ នៅជុំវិញបញ្ហានេះ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បានបង្ហាញពីកម្មវិធី ដើម្បីធ្វើទំនើបកម្មយោធាក្នុងគោលបំណងធ្វើឲ្យយោធាតៃវ៉ាន់ កាន់តែមានសមត្ថភាពក្នុងការតបត ទៅនឹងការឈ្លានពានពីសំណាកកងទ័ពចិន ទោះបីជាកោះនេះដឹងថាខ្លួនគ្មានថ្ងៃអាចប្រកួតប្រជែង ជាមួយកម្លាំងយោធាដ៏ធំមហិមារបស់ចិនក៏ដោយ៕