Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: លោក ត្រាំ មិនទាន់ឆ្លងផុតគ្រោះថ្នាក់នៅឡើយទេ ទោះបីជាត្រូវបានអនុញ្ញាតឲ្យចេញពីពេទ្យ និងត្រឡប់ទៅសេតវិមានវិញក្តី (Video inside)

06-10-2020 15:45

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនទាន់រួចផុតពីគ្រោះថ្នាក់ទាំងស្រុងឡើយ បើទោះជាលោកត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅកាន់សេតវិមានវិញ ជាទីដែលលោកត្រូវបន្តស្ថិតនៅក្រោម ការតាមដានពីក្រុមគ្រូពេទ្យក៏ដោយ។ នេះបើតាមប្រភពីវេជ្ជបណ្ឌិតប្រចាំសេតវិមាន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យវេជ្ជសាស្ត្រយោធា វ៉លធើ រីដ (Walter Reed National Military Medical Center) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បន្ទាប់ពីវេជ្ជបណ្ឌិតប្រចាំសេតវិមានលោក សន ខុនលី (Sean Conley) បានអះអាងថា ស្ថានភាពសុខាភាពលោកប្រធានាធិបតីល្អប្រសើរ ដោយមិនមានអការៈក្ដៅខ្លួននោះឡើយ ហើយកម្រិតអុកស៊ីសែនក្នុងឈាមលោក ក៏បានវិលរកភាពធម្មតាវិញដែរ។

ទោះជាយ៉ាងនេះក្ដី លោក Conley បានទទួលស្គាល់ថា លោក ដូណាល់ ត្រាំ មិនទាន់រួចផុតពីគ្រោះថ្នាក់ទាំងស្រុងឡើយ ដោយសារតែលោកមានវ័យ ៧៤ឆ្នាំ គឺជាវ័យនៃមនុស្សដែលប្រឈមមុខនឹងអត្រាមរណខ្ពស់ក្រោយពីការ COVID-19។

គួរជម្រាបថា មកទល់នឹងពេលនេះមិនទាន់មានការបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានឆ្លង COVID-19 តាំងពីពេលណា ឬយ៉ាងដូចម្ដេចឲ្យច្បាស់លាស់នៅឡើយទេ។ លោក ត្រាំ និងលោកស្រី មេឡានៀ ជាភរិយា បានតេស្ដវិជ្ជមាន COVID-19 ទាំងពីរនាក់តែម្តងកាលពីថ្ងៃទី០២ ខែតុលា ក្រោយពីសេតវិមានបានទទួលស្គាល់ថា ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោកគឺលោកស្រី ហូប ហីកស៍ (Hope Hicks) បានឆ្លង COVID-19។ ក្រោយមកមន្ត្រីជំនិតលោក ត្រាំ មួយចំនួនទៀត ក្នុងនោះរួមទាំងប្រធានរៀបចំយុទ្ធការបោះឆ្នោតផងដែរ បានធ្វើតេស្តវិជ្ជមាន COVID-19៕