(អង់គ្លេស)៖ បណ្ដាញទូរទស្សន៍អង់គ្លេស ITV បានរាយការណ៍ថា ព្រះអង្គម្ចាស់ វីលៀម (William) បានបង្ហាញនូវការព្រួយព្រះទ័យយ៉ាងខ្លាំង អំពីការកើនឡើងនៃនីវ៉ូទឹកសមុទ្រ និងផលប៉ះពាល់ផ្សេងទៀតនៃការប្រែប្រួលអាកាសធាតុ តាមរយៈកម្មវិធីទូរទស្សន៍មួយ ដែលត្រូវបានចាក់ផ្សាយនៅចក្រភពអង់គ្លេស។ នេះបើតាមការដកស្រង់ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។
ITV បានគូសបញ្ជាក់ពីសារមួយផ្នែករបស់ព្រះអង្គម្ចាស់ William ដែលទ្រង់បានលើកឡើងថា «ការប្រែប្រួលអាកាសធាតុបានបង្ក ឱ្យមានការគំរាមកំហែងដល់មនុស្សគ្រប់គ្នា រួមទាំងនៅចក្រភពអង់គ្លេសផងដែរ ដោយយើងអាចនឹងបាត់បង់ជំរកសត្វព្រៃនៅទីនេះ បាត់បង់ដីសម្រាប់ធ្វើកសិកម្ម និងបាត់បង់សហគមន៍របស់យើង ដែលយើងតម្រូវឱ្យមនុស្សគ្រប់គ្នា ចូលរួមការពារតំបន់ទាំងនេះទាំងអស់គ្នា»។
ព្រះអង្គម្ចាស់ William បានលើកឡើងបន្ថែមទៀតថា ការកើនឡើងនៃបញ្ហាអាកាសធាតុនេះ គឺជាការគំរាមកំហែងមួយរួមទាំងនៅមាត់ទ្វារ រាជដំណាក់ផ្ទាល់របស់ព្រះអង្គផងដែរ ហើយយើងនឹងដឹងភ្លាមៗថា ព្រឹត្តិការណ៍អាក្រក់ៗទាំងនោះ នឹងកើតឡើងកាន់តែច្រើននាពេលអនាគត។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ William ជាចៅប្រុសរបស់ព្រះមហាក្សត្រីអង់គ្លេស អេលីហ្សាប៊ែតទី ២ (Elizabeth II) ត្រូវបានអ្នកសារព័ត៌មានទូរទស្សន៍សម្ភាសន៍ទ្រង់នៅព្រះរាជដំណាក់ សេនរីងហាំ (Sandringham Estate) មានទីតាំងនៅតំបន់ អ៉ីសត៍ អាំងក្លៀ (East Anglia) នៃភាគខាងកើតចក្រភពអង់គ្លេស។ តំបន់អឺរ៉ុបត្រូវបានអ្នកវិទ្យាសាស្ត្រព្យាករណ៍ថា ជាកន្លែងដែលនឹងត្រូវរងគ្រោះខ្លាំងផងដែរ ដោយសារតែការឡើងកម្តៅភពផែនដី និងនីវ៉ូទឹកសមុទ្រកើនឡើង៕