(ញូយ៉ក)៖ ការប្រកាសរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថាលោក និងភរិយាឆ្លង COVID-19 បាននិងកំពុងបង្កការព្រួយបារម្ភជាថ្មី ចំពោះការប្រកួតប្រជែងនយោបាយ និងការបាក់បែកគ្នារឹតតែខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។ បើតាមក្រុមគ្រូពេទ្យ បច្ចុប្បន្នស្ថានភាពសុខភាពរបស់លោក ត្រាំ មានភាពល្អប្រសើរឡើងវិញច្រើន ហើយលោកអាចនឹងត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញសុខាភិបាលខ្លះនៅតែមានមន្ទិល ចំពោះការអះអាងពីសេតវិមាន ព្រោះពួកគេយល់ថាលោក ត្រាំ នៅតែប្រឈមមុខនឹងស្ថានភាពគ្រោះថ្នាក់ ដោយសារតែលោកមានវ័យ ៧៤ឆ្នាំទៅហើយ។
* ការបែកបាក់
នៅពេល COVID-19 ឆ្លងរាតត្បាតដំបូងនៅក្នុងសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកថា វាគ្រាន់តែជាជំងឺគ្រុនផ្ដាសាយធម្មតាប៉ុណ្ណោះ ហើយក្រោយមកទៀតលោក ត្រាំ ចាប់ផ្ដើមខ្វែងគំនិតគ្នាជាមួយអ្នកជំនាញសុខាភិបាល និងអ្នកជំនាញជំងឺឆ្លងកំពូលៗជាច្រើនរូប នៅក្នុងសហរដ្ឋអាមេរិក។ ការខ្វែងគំនិតគ្នារាប់ចាប់តាំងពីការពាក់ម៉ាស, វិធានការបិទប្រទេស (Lockdown) និងការរក្សាគម្លាតសុវត្ថិភាពជាដើម។ មិនតែប៉ុណ្ណោះលោក ត្រាំ ថែមទាំងបានព្យាករណ៍ជាច្រើនលើកថា COVID-19 នឹងរលាយបាត់ក្នុងពេលឆាប់ៗ ហើយប្រកាសពីជោគជ័យ ក្នុងការដោះស្រាយវិបត្តិជំងឺរាតត្បាតសកលមួយទៀតផង។ ប៉ុន្តែផ្ទុយទៅវិញ អ្នកជំនាញសុខាភិបាល និងអ្នកជំនាញជំងឺឆ្លងកំពូលៗរបស់សហរដ្ឋអាមេរិក កាន់តែខ្វែងគំនិតគ្នារឹតតែខ្លាំង ដោយមានខ្លះបន្ទោសលោក ត្រាំ ថាជាដើមហេតុនាំឱ្យ COVID-19 រីករាលដាលកាន់តែខ្លាំង។
* អាយុ, ពូជសាសន៍ និងវណ្ណៈ
វិបត្តិ COVID-19 ក្រៅតែពីជាដើមហេតុមួយ ដែលបាននិងកំពុងធ្វើឱ្យប្រជាប្រិយភាពលោក ត្រាំ ធ្លាក់ចុះ វាក៏ជាដើមហេតុធ្វើឱ្យមានការបែកបាក់ នៅក្នុងចំណោមប្រជាជនអាមេរិក គឺរវាងយុវជន និងមនុស្សចាស់ ជាពិសេសនៅក្នុងចំណោមពលរដ្ឋអាមេរិកស្បែកខ្មៅមួយចំនួន ដែលអះអាងថា ពួកគេទទួលបានការយកចិត្តទុកដាក់មិនស្មើភាពគ្នា។
នៅក្នុងបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ ទទួលបានការគាំទ្រតែ ៣៦ភាគរយប៉ុណ្ណោះ ពីអ្នកបោះឆ្នោតមានអាយុក្រោម ៣០ឆ្នាំ។ បន្ថែមពីលើនេះ បាតុកម្មតវ៉ាទាមទាររកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ដែលត្រូវបានប៉ូលិសអាមេរិកម្នាក់ យកជង្គង់សង្កត់ករហូតដលស្លាប់ កាលពីខែឧសភាកន្លងទៅ ក៏ជាដើមចមនៃការបែកបាក់ផងដែរ ហើយយុវជនបានចូលរួមក្នុងការធ្វើបាតុកម្មនេះកាន់តែច្រើន។
បូកផ្សំជាមួយ COVID-19 និងបាតុកម្មតវ៉ានេះ គឺវាបង្ហាញច្បាស់ណាស់ថា សហរដ្ឋអាមេរិកមានការបែកបាក់យ៉ាងជ្រៅ ដោយក្រុមអ្នកគាំទ្រលោក ត្រាំ រួមទាំងលោក ត្រាំ ផ្ទាល់បានចាត់ទុកក្រុមបាតុករ គឺជាក្រុមជ្រុលនិយមព្រោះពួកគេយល់ថា បើអនុវត្តវិធានការ Lockdown នោះវាមានន័យស្មើនឹងអនុញ្ញាតឱ្យក្រុមដែលពួកគេហៅថា «ជ្រុលនិយម» ទាំងនេះគ្រប់គ្រងទីក្រុងធំៗតែប៉ុណ្ណោះ។
* ការបោះឆ្នោត
វាពិបាកនឹងនិយាយខ្លាំងណាស់ថា ការឆ្លង COVID-19 របស់លោក ដូណាល់ ត្រាំ នឹងជះឥទ្ធិពលអាក្រក់ប៉ុណ្ណាដល់ការប្រកួតប្រជែង ដើម្បីដណ្ដើមតំណែងប្រធានាធិបតីអាមេរិក។ ជាទ្រឹស្ដី លោក ត្រាំ អាចនឹងទទួលបានផលចំណេញខ្លះពីការឆ្លងនេះ តាមរយៈការទទួលបានការអាណិតអាសូរ ពីប្រជាជនអាមេរិកចំពោះរូបលោក។
ទោះបីជាយ៉ាងណាអ្វីៗដែលគេកំពុងរង់ចាំមើលបន្តទៀតនោះ គឺវេទិកាតស៊ូមតិលើកទី ២ រវាងលោក ត្រាំ និងលោក បៃដិន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលានេះ តើវានឹងត្រូវលុបចោល ឬក៏ពន្យារពេលដែ ឬទេ ខណៈការពន្យារពេល ឬលុបចោលវេទិកាតស៊ូមតិ នឹងបង្កភាពអស់សង្ឃឹមដល់ប្រជាជនអាមេរិក ៦៩ភាគរយ ដោយពួកគេបានប្រាប់ទូរទស្សន៍ CBS ថា វេទិកាក្នុងទីក្រុង ក្លេវលែនដ៍ (Cleveland) កាលពីថ្ងៃអង្គារសប្ដាហ៍នេះគឺពោរពេញដោយការរំខាន៕
ប្រភព៖ CNA (នៅថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០)