(វ៉ាស៊ីនតោន)៖ វេជ្ជបណ្ឌិតសេតវិមាន លោក Sean Conley បានឱ្យដឹងថាលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនមានសភាពគ្រុនក្ដៅឡើយ និងចាប់ផ្ដើមត្រឡប់ទៅរកភាព ល្អប្រើសើរ បន្ទាប់ពីទទួលការព្យាបាល COVID-19 ក៏ប៉ុន្តែ មិនទាន់គេចផុតពីគ្រោះថ្នាក់ទាំងស្រុងនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០។
នៅក្នុងវីដេអូមួយមានរយៈពេល៤នាទី ថ្លែងចេញពីបន្ទប់នៃមន្ទីរពេទ្យ ដែលត្រូវបានបង្ហោះលើ Twitter កាលពីថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ ក៏បានឱ្យដែរថាលោកមានសុខភាព និងអារម្មណ៍ល្អធម្មតា ហើយសង្ឃឹមថាអាចនឹងជាសះស្បើយឡើងវិញ ក្នុងពេលឆាប់ៗនេះ។ លោក ត្រាំ ធ្វើដំណើរទៅដល់មន្ទីរពេទ្យ Walter Reed National Military Medical Center កាលពីថ្ងៃសុក្រ។
លោក ដូណាល់ ត្រាំ និងភរិយាគឺលោកស្រី Melania Trump បានអះអាងថាអ្នកទាំងពីរឆ្លង COVID-19 កាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន) ហើយការបញ្ចេញវីដូអូរបស់លោក ត្រាំ និងការលើកឡើងរបស់លោក Sean Conley កើតមានឡើងបន្ទាប់ពីមានការលើកឡើងជាច្រើនពីភាពមិនច្បាស់លាស់ នៃស្ថានភាពជំងឺរបស់លោកប្រធានាធិបតី ដោយខ្លះថាលោកអាចនឹងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងរយៈពេល៤៨ម៉ោងខាងមុខទៀតនេះ៕