(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាហ្សែបៃហ្សង់ លោក Ilham Aliyev បានបញ្ជាក់ជាថ្មីថាអាមេនី និងកងទ័ពរបស់ខ្លួន ចាំបាច់ត្រូវតែដកចេញតំបន់ Nagorno-Karabakh នោះទើបអាចបញ្ចប់សង្រ្គាម និងជម្លោះនានាបាន ស្របពេលអាមេនីនៅតែបង្ហាញពីគោលជំហរតឹងរ៉ឹង ដោយមិនព្រមចុះញមឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០។
លោក Ilham Aliyev ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Al Jazeera នៅក្នុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ប្រធានាធិបតី អាហ្សែបៃហ្សង់រូបនេះ មិនបាននិយាយថាតើសង្រ្គាម ឬជម្លោះជាមួយនឹងអាមេនី នឹងត្រូវបានបញ្ចប់នៅក្នុងពេលឆាប់ៗនេះឬយ៉ាងណានោះទេ ខណៈសហគមន៍អន្តរជាតិ កំពុងអំពាវនាវឱ្យភាគីទាំង២ ត្រឡប់មករកតុចរចាឡើងវិញ។ លោក Aliyev បានបន្ថែមដូច្នេះថា៖«ខ្ញុំគិតថារដ្ឋាភិបាលអាមេនី វាយតម្លៃខ្ពស់ពេកហើយថាអន្តរជាតិនឹង គាំទ្រពួកគេ និងបានប្រព្រឹត្តកំហុសឆ្គង ដោយបង្ករឿងជាមួយពួកយើង វាយប្រហារមកលើពួកយើង តែឥលូវពួកគេកំពុងឈឺចាប់ដោយសារការបរាជ័យដ៏ធ្ងន់ធ្ងរ»។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ កងទ័ពអាមេនី និងអាហ្សែបៃហ្សង់នៅតែបន្តបាញ់ផ្លោងដាក់គ្នា នៅក្នុងតំបន់ Nagorno-Karabakh ក្រោយជម្លោះរវាងប្រទេស ទាំងពីរនេះផ្ទុះឡើងជាថ្មីកាលពីថ្ងៃអាទិត្យសប្តាហ៍មុន គិតចាប់តាំងពីឆ្នាំ២០១៦។ ជម្លោះរវាងប្រទេសទាំងពីរនេះ បាននិងកំពុងបង្កឲ្យមានក្តីព្រួយបារម្ភជាខ្លាំង ខណៈ ដែលដែនដីជម្លោះនោះ ស្ថិតនៅក្នុងតំបន់បំពង់បង្ហូរប្រេង និងឧស្ម័នដ៏សំខាន់ ទៅកាន់ទីផ្សារអន្តរជាតិ។
តំបន់ Nagorno-Karabakh ត្រូវបានច្បាប់អន្តរជាតិទទួលស្គាល់ថាជាផ្នែកមួយនៃទឹកដីអាហ្សែបៃហ្សង់ ប៉ុន្តែដោយសារតែមានជនជាតិអាមេនីរស់នៅច្រើន ពួកគេបានប្រកាស ចាត់ទុកតំបន់នេះជាតំបន់ស្វយ័តរបស់ពួកគេ ក្រោមការគាំទ្រពីរដ្ឋាភិបាលអាមេនី៕