(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងវីដេអូមួយថាលោកមានសុខភាពល្អធម្មតា ដោយសង្ឃឹមនឹងជាសះស្បើយឡើងវិញ ក្នុងពេលឆាប់ៗនេះ ខណៈលោកកំពុងទទួលការព្យាបាល ក្រោយតេស្ដវិជ្ជមាន COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០។
នៅក្នុងវីដេអូមួយមានរយៈពេល៤នាទី ថ្លែងចេញពីបន្ទប់នៃមន្ទីរពេទ្យ ដែលត្រូវបានបង្ហោះលើ Twitter កាលពីថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ ក៏បានឱ្យដែរថាលោកមិនសូវមានអារម្មណ៍ល្អឡើយ នៅពេលធ្វើដំណើរមកដល់មន្ទីរពេទ្យ Walter Reed National Military Medical Center កាលពីថ្ងៃសុក្រ ហើយថា ប៉ុន្មានថ្ងៃខាងមុខគឺជាពេលវេលាដ៏សំខាន់ដែលលោកត្រូវប្រយុទ្ធជាមួយ COVID-19។
លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «នៅកំឡុងប៉ុន្មានថ្ងៃមុខទៀត ខ្ញុំអាច និយាយបានថាវាគឺជាការធ្វើតេស្ដពិតប្រាកដ។ ដូច្នេះយើងនឹងទាំងអស់គ្នា នឹងបានឃើញថានឹងមានអ្វីកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខ។ ខ្ញុំគិតថាខ្ញុំនឹងជាសះស្បើយ ឡើងវិញឆាប់ៗនេះ ហើយអាចនឹងបញ្ចប់ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត...»។
គួរជម្រាបថា លោក ដូណាល់ ត្រាំ និងភរិយាគឺលោកស្រី Melania Trump បានអះអាងថាអ្នកទាំងពីរឆ្លង COVID-19 កាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន) ហើយការបញ្ចេញវីដូអូរបស់លោក ត្រាំ កើតមានមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានការលើកឡើងជាច្រើនពីភាពមិនច្បាស់លាស់ នៃស្ថានភាពជំងឺរបស់លោកប្រធានាធិបតី ដែលមានអាយុ៧៤ឆ្នាំទៅហើយនោះ៕