(ស៊ីដនី)៖ កោះសូឡូម៉ុន ទើបតែបានរកឃើញករណីឆ្លងជំងឺ COVID-19 ជាលើកដំបូង ដែលជានិស្សិតភេទប្រុសទើបតែធ្វើមាតុភូមិនិវត្តន៍ ត្រឡប់មកពីប្រទេសហ្វីលីពីនវិញ តាមជើងហោះហើររៀបចំឡើងដោយរដ្ឋាភិបាលសូឡូម៉ុនផ្ទាល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន ស៉ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់សូឡូម៉ុន SIBC បានរបាយការណ៍ថា នាយករដ្ឋមន្ត្រីកោះសូឡូម៉ុនលោក Manasseh Sogavare នៅរសៀលថ្ងៃសៅរ៍នេះបានថ្លែងយ៉ាងដូច្នេះថា «ការរកឃើញនេះគឺជារឿងដ៏គួរឲ្យសោកស្តាយបំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់មន្ត្រីសុខាភិបាលយើង ក្នុងការរារាំងការផ្ទុះឡើងនៃជំងឺ COVID-19 នៅក្នុងប្រទេសរបស់យើង។ ទោះបីជាស្ថានភាពអកុសលបែបនេះក៏ដោយ ខ្ញុំសូមធានាដល់សាធារណជនថា រដ្ឋាភិបាលបានការត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រប់គ្រង និងបន្តវិធានការដែលយើងបានអនុវត្តក្នុងរយៈពេល ៨ខែកន្លងមកនេះ»។
គួរជម្រាបថា កោះសូឡូម៉ុនបានធ្វើមាតុភូមិនិវត្តន៍និស្សិត ដែលកំពុងសិក្សានៅប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ីកាលពីថ្ងៃទី២៩ ខែកញ្ញា។ នាយករដ្ឋមន្ត្រីរូបនេះបានឲ្យដឹងថា និស្សិតដែលបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណាបានធ្វើតេស្តអវិជ្ជមានទាំង ៣ដងមុនពេលឡើងជិះយន្តហោះ។
ជើងហោះហើរខាងលើមានផ្ទុកនិស្សិតប្រហែល ១៤៤នាក់ក្នុងនោះនិស្សិត ០២នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនិស្សិតមានផ្ទុកជំងឺ COVID-19 រូបនោះ ក៏ត្រូវបានគេធ្វើតេស្តហើយកំពុងតែរង់ចាំលទ្ធផល។ បច្ចុប្បន្ននេះ និស្សិតទាំង ៣នាក់ស្ថិតនៅក្នុងមណ្ឌលចត្តាឡីស័កនៅឯមន្ទីរពេទ្យបង្អែកជាតិ ហើយកំពុងរង់ចាំការវាយតម្លៃពីក្រុមគ្រូពេទ្យបន្តទៀត។ ទន្ទឹមគ្នានេះ រាល់បុគ្គលិកជួរមុខទាំងអស់នៅលើជើងហោះហើរក៏តម្រូវឲ្យធ្វើចត្តាឡីស័កគ្រប់គ្នាផងដែរ។
នៅជុំវិញបញ្ហាខាងលើរដ្ឋាភិបាលសូឡូម៉ុន នៅតែមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន ក្នុងវិធានការឆ្លើយតបទប់ និងគ្រប់គ្រងស្ថានការណ៍ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់សាធារណជនទូទៅ។ យ៉ាងណាមិញ រដ្ឋាភិបាលសូឡូម៉ុនមិនទាន់មានវិធានការបិទខ្ទប់ប្រទេសនៅឡើយទេ ប៉ុន្តែដោយសារតែស្ថានភាពបច្ចុប្បន្នរដ្ឋាភិបាលសូឡូម៉ុន បានផ្អាកនិងពិនិត្យមើលជើងហោះហើរលក្ខណៈមាតុភូមិនិវត្តន៍ ដែលនៅសល់ដើម្បីធានាឲ្យប្រាកដថា ខ្លួនអាចគ្រប់គ្រងស្ថានការណ៍ពេញលេញសិន មុននឹងបន្តធ្វើមាតុភូមិនិវត្តន៍តទៅទៀត៕