(ប៉ារីស)៖ អ្នកពន្លត់អគ្គីភ័យម្នាក់បានបាត់បង់ជីវិត និងមនុស្ស១៩នាក់ទៀតកំពុងបាត់ខ្លួន នៅឯភាគអាគ្នេយ៍ប្រទេសបារាំង និងភាគខាងជើងប្រទេសអ៉ីតាលី ក្រោយព្យុះកំណាចមួយបានបោកបក់កាត់តំបន់នៅព្រំដែនរវាងប្រទេសទាំងពីរ ហើយបណ្តាលឲ្យមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលធ្វើឲ្យផ្លូវដាច់ជាកំណាត់ៗ និងបង្កការបំផ្លិចបំផ្លាញលើលំនៅឋានជាច្រើន។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។
ព្យុះដែលមានឈ្មោះថា Alex បានបោកបក់កាត់ភូមិមួយចំនួននៅជុំវិញទីក្រុង Nice ក្នុងតំបន់ French Riviera។ ក្រោយជិះឧទ្ធម្ភាគចក្រ ពិនិត្យមើលតំបន់រងគ្រោះ អភិបាលក្រុង Nice លោក Christan Estrosi បានហៅវាថា ជាមហន្តរាយទឹកជំនន់អាក្រក់បំផុតនៅតំបន់នេះ ដែលមិនធ្លាប់មានឡើយជាងមួយសតវត្សរ៍កន្លងមក។
គួរជម្រាបថា នៅបារាំងមានអ្នកបាត់ខ្លួនយ៉ាងហោច៨នាក់ រីឯនៅអ៉ីតាលីមានមនុស្សយ៉ាងហោចម្នាក់ស្លាប់ និងប្រហែល១១នាក់បាត់ខ្លួន។ ព្យុះ Alex បានមកដល់ភាគអាគ្នេយ៍ប្រទេសបារាំង កាលពីថ្ងៃសុក្រម្សិលមិញ ហើយបន្តទៅដល់ភាគខាងជើងអ៉ីតាលីនៅថ្ងៃសៅរ៍នេះ៕