(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នាថ្ងៃសៅរ៍នេះ បានផ្ញើសារជូនពរប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោកស្រី មេឡានៀ ត្រាំ ឲ្យជាសះស្បើយឆាប់ៗពីជំងឺ COVID-19 វិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។
ក្នុងសារខាងលើផ្ញើទៅកាន់លោក ត្រាំ លោកប្រធានាធិបតីចិនបាននិយាយថា លោកទទួលបានដំណឹងថា លោកប្រធានាធិបតីអាមេរិកនិងលោកជំទាវទី១ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ដូច្នេះហើយរូបលោក និងភរិយាគឺលោកស្រី ផេន លីយាន់ សូមជូនពរឲ្យអ្នកទាំងពីរឆាប់ជាឡើងវិញ។
គួរជម្រាបថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក ត្រាំ បានប្រកាសដោយផ្ទាល់ឲ្យអន្តរជាតិបានដឹងថា លោកនិងភរិយាបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 បន្ទាប់ពីទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក គឺលោកស្រី ហូប ហីក បានឆ្លងជំងឺនេះ។ បច្ចុប្បន្ន លោក ត្រាំ កំពុងតែសម្រាកនៅមន្ទីរពេទ្យយោធាមួយកន្លែង ដើម្បីទទួលការតាមដាន និងព្យាបាលយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ទោះលោកមានរោគសញ្ញាកម្រិតស្រាលក៏ដោយក្តី៕