(ញូដេលី)៖ ទិន្នន័យចុងក្រោយដែលត្រូវបានចេញផ្សាយ ដោយក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃសៅរ៍នេះឱ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស បានកើនដល់ ៦,៤៧៣,៥៤៤ករណីហើយ ដោយក្នុងនោះចំនួនមនុស្សស្លាប់សរុប ក៏បានលោតចូលដល់ខ្ទង់ ១០០,០០០នាក់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះក្រសួងសុខាភិបាលឥណ្ឌា បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៧៩,៤៧៦ករណីបន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីចំនួន ១,០៦៩នាក់ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេលដូចគ្នាផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប នៅទូទាំងប្រទេសកើនដល់ ១០០,៨៤២នាក់។
គួរជម្រាបថា បច្ចុប្បន្ននេះនៅមានអ្នកជំងឺ COVID-19 សរុបជាង ៩៤៤,៩០០នាក់ទៀត ដែលកំពុងបន្តសម្រាកព្យាបាលនៅក្នុងប្រទេសឥណ្ឌា ខណៈអ្នកជំងឺជាង ៥,៤២៧,០០០នាក់បានជាសះស្បើយ និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តឥណ្ឌាហៅកាត់ ICMR បានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ ប្រទេសឥណ្ឌាបានពិនិត្យសំណាករក COVID-19 លើមនុស្សជាង ៧៧,៨៥០,០០០នាក់នៅទូទាំងប្រទេស ក្នុងនោះមានសំណាកពីមនុស្សជាង ១,១៣២,០០០នាក់ ត្រូវបានធ្វើតេស្តតែក្នុងមួយថ្ងៃសុក្រម្សិញមិញប៉ុណ្ណោះ៕