(វ៉ាស៉ីនតោន)៖ ប្រធានរៀបចំយុទ្ធនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ គឺលោក ប៊ីល ស្ទេភាន (Bill Stepien) បានឲ្យដឹងថា រូបលោកក៏បានឆ្លងជំងឺ COVID-19 ដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។
ក្នុងសារអ៉ីម៉ែលមួយផ្ញើទៅកាន់ក្រុមការងារយុទ្ធនាការ លោក Stepien វ័យ ៤២ឆ្នាំបានប្រាប់ថា ទោះជាបែបនេះក្តី ស្ថានភាពរបស់លោកគឺនៅធម្មតា ហើយនឹងត្រឡប់ទៅបំពេញការងារនៅការិយាល័យផ្ទាល់វិញ ពេលដែលទទួលបានការអនុញ្ញាត។
ប៉ុន្តែខណៈនេះលោកនឹងចាត់ចែងការងារពីផ្ទះទៅសិន។ លោក Stepien បានជិះយន្តហោះ Air Force One ជាមួយលោក ត្រាំ ទៅកាន់ទីក្រុងក្លេវលែនដ៍ (Cleveland) នៃរដ្ឋអូហៃយ៉ូ (Ohio) ដើម្បីចូលរួមវេទិកាតស៊ូមតិលើកដំបូងរវាងលោក ត្រាំ និងលោក ចូ បៃដិន កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
គួរជម្រាបថា លោក ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញនេះថា រូបលោក និងភរិយាបានឆ្លងជំងឺ COVID-19 បន្ទាប់ពីទើបប្រាប់ថា ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោកបានឆ្លងជំងឺនេះ។ លោក ត្រាំ កំពុងស្នាក់នៅមន្ទីរពេទ្យយោធា វ៉លធឺ រីដ (Walter Reed) ដើម្បីទទួលការព្យាបាល។ រាល់ព្រឹត្តិការណ៍ឃោសនាបោះឆ្នោត ដែលត្រូវបានប្រកាសនាពេលកន្លងមក ដោយមានការចូលរួមពីលោក ត្រាំ កំពុងត្រូវកែសម្រួលទៅធ្វើតាមរយៈប្រព័ន្ធវីដេអូអនឡាញវិញ ឬពន្យារពេលជាបណ្តោះអាសន្ន៕