(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានផ្ញើសារជូនពរលោក ដូណាល់ ត្រាំ និងលោកជំទាវទី១ មេឡានៀ ឲ្យឆាប់ជាសះស្បើយពីជំងឺ COVID-19 ខណៈលោក ត្រាំ ពេលនេះកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យយោធា វ៉ល់ធឺ រីដ (Walter Reed) ស្ថិតក្នុងទីក្រុងបេធេស្តា (Bethesda) នៃរដ្ឋម៉ារីលែន (Maryland) ដែលស្ថិតនៅជាប់​រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Hill នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។

លោក អូបាម៉ា បានបង្ហោះសារនៅលើគណនី Twitter លោកយ៉ាងដូច្នេះថា មីឈែល និងខ្ញុំសង្ឃឹមថា លោកប្រធានាធិបតី និងជំទាវទី ១ ព្រមទាំងអ្នកដែលបានឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសទាំងអស់ នឹងឆាប់បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ។ អតីតប្រធានាធិបតីស្បែកខ្មៅដំបូង នៅក្នុងប្រវត្តិសាស្ត្រអាមេរិករូបនេះបានបន្ថែមទៀតថា «យើងកំពុងស្ថិតនៅក្នុងសមរភូមិនយោបាយដ៏ធំនាពេលបច្ចុប្បន្ននេះ... តែទោះជាយ៉ាងណាសូមចងចាំថា យើងទាំងអស់គ្នាជាពលរដ្ឋអាមេរិកាំង... យើងទាំងអស់គ្នាសុទ្ធតែជាមនុស្ស ហើយយើងចង់ឲ្យអ្នករាល់គ្នាមានសុខភាពល្អ ទោះបីជាយើងមាននិន្នាការនយោបាយខុសគ្នាដ៏ដោយ»

ការលើកឡើងនេះត្រូវបានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីបានធ្វើដំណើរទៅដល់ មន្ទីរវេជ្ជសាស្ត្រយោធាជាតិ Walter Reed។ រហូតមកទល់ពេលនេះលោក ត្រាំ ត្រូវបានគេរាយការណ៍ថា នៅតែមានអារម្មណ៍អស់កម្លាំង ប៉ុន្តែស្ថិតក្នុងស្មារតីល្អនៅឡើយ ហើយចំណែកឯងលោកជំទាវទីមួយវិញ មានអការៈក្អកស្រាលៗ និងឈឺក្បាល៕