Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: លោក ដូណាល់ ត្រាំ ធ្វើដំណើរដល់មន្ទីរពេទ្យយោធាហើយ ដើម្បីព្យាបាលជំងឺកូវីដ-១៩ (Video inside)

03-10-2020 09:40

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញខ្លួនជាសាធារណៈក្រោយឆ្លងជំងឺ COVID-19 នៅល្ងាចថ្ងៃសុក្រ (ម៉ោងនៅវ៉ាស៊ីនតោន) និងបានជិះឧទ្ធម្ភាគចក្រពិសេស (Marine One) ទៅដល់មន្ទីរពេទ្យយោធាមួយហើយ ដើម្បីចាប់ផ្តើមដំណើរការចត្តាឡីស័ក និងព្យាបាលជំងឺរបស់លោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។

លោក ត្រាំ បានបង្ហោះវីដេអូខ្លីមួយនៅលើ Twitter ពេលរៀបចំចាកចេញពីសេតវិមានយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណដល់អ្នករាល់គ្នា សម្រាប់ការគាំទ្រយ៉ាងខ្លាំង... ខ្ញុំនឹងទៅមន្ទីរពេទ្យ វ៉លធឺ រីដ (Walter Reed) ហើយខ្ញុំគិតថា សុខភាពរបស់ខ្ញុំមិនអីទេ»។ លោក ដូណាល់ ត្រាំ ក៏បានបន្ថែមទៀតថា ជំទាវទីមួយរបស់លោក គឺលោកស្រី មេឡានៀ ក៏មានសុខភាពល្អដែរ។

នៅជុំវិញបញ្ហានេះ សេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតីបានធ្វើដំណើរទៅដល់ មន្ទីរវេជ្ជសាស្ត្រយោធាជាតិ Walter Reed ហើយ ដោយលោកនឹងនៅតែបន្តបំពេញភារកិច្ចជាធម្មតា ចេញពីមន្ទីរពេទ្យនោះតែម្តង។ រហូតមកទល់ពេលនេះ លោក ត្រាំ ត្រូវបានគេរាយការណ៍ថា នៅតែមានអារម្មណ៍អស់កម្លាំង ប៉ុន្តែស្ថិតក្នុងស្មារតីល្អនៅឡើយ ហើយជំទាវទីមួយវិញ មានអការៈក្អកស្រាលៗ និងឈឺក្បាល ចំណែកឯកូនប្រុសពៅអ្នកទាំងពីរឈ្មោះ បារ៉ុន (Barron) ដែលរស់នៅក្នុងសេតវិមានដែរនោះ បានធ្វើតេស្តអវិជ្ជមានចំពោះ COVID-19។ នេះបើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត នៃកងទ័ពជើងទឹកអាមេរិកលោក សន ខុនលី (Sean Conley)។

គួរបញ្ជាក់ថា ព័ត៌មានអំពីលោក ត្រាំ ឆ្លងជំងឺ COVID-19 នេះប្រាកដជាបង្កឲ្យមានអស្ថិរភាពនៅរដ្ឋធានីវ៉ាស៊ីនតោន និងនៅជុំវិញពិភពលោក ដោយគ្រប់គ្នាបាននិងកំពុងចោទជាសំណួរថា តើវីរុសដ៏កាចសាហាវមួយនេះអាចរាលដាលក្នុងចំណោម ឥស្សរជននយោបាយជាន់ខ្ពស់ដោយរបៀបណា។ ប៉ុន្មានម៉ោងមុន លោក ត្រាំ បានប្រកាសថា លោកឆ្លងជំងឺ COVID-19 សេតវិមានក៏បានប្រកាសដែរថា ជំនួយការជាន់ខ្ពស់ម្នាក់ដែលបានធ្វើដំណើរជាមួយលោក ក្នុងកំឡុងពេលមួយសប្តាហ៍នោះ ក៏បានធ្វើតេស្តវិជ្ជមានផងដែរចំពោះជំងឺនេះ៕