(សេអ៊ូល)៖ ប្រមុខដឹកនាំកំពូលផុតលេខរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារមួយដល់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោកជំទាវទី១ មេឡានៀ (Melania) ដើម្បីជូនពរឲ្យអ្នកទាំងពីរឆាប់ជាះស្បើយពីជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ CNA ដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។

សារព័ត៌មាន KCNA បានចេញផ្សាយយ៉ាងដូច្នេះថា «ប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន មានក្តីសង្ឃឹមថា ពួកគេ (លោក ត្រាំ និងភរិយា) នឹងជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័ស។ លោក គីម ជុងអ៊ុន សង្ឃឹមថាពួកគេនឹងអាចឆ្លងផុតបញ្ហានេះ។ លោក គីម បានផ្ញើសារប្រកបដោយក្តីអាណិតអាសូរ និងកក់ក្តៅជូនដល់ពួកគេ»។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយនៅលើគណនី Twitter របស់លោក កាលពីថ្ងៃសុក្រម្សិលមិញនេះថា រូបលោក និងភរិយាបានឆ្លងជំងឺ COVID-19 ហើយ ប៉ុន្តែស្ថានភាពសុខភាពរបស់អ្នកទាំងពីរគឺល្អជាធម្មតា និងកំពុងធ្វើចត្តាឡីស័កក៏ដូចជាព្យាបាល។ ការប្រកាសឆ្លងជំងឺ COVID-19 ពីសំណាក់មេដឹកនាំប្រទេសមហាអំណាចរូបនេះ បានកើតមានឡើងបន្ទាប់ពីទីប្រឹក្សាជំនិតមួយរូបរបស់លោក ដែលតែងតែបានធ្វើដំណើរតាមយន្តហោះ និងចូលរួចវេទិកាឃោសនាបោះឆ្នោតជាមួយគ្នានោះ បានឆ្លងជំងឺ COVID-19៕