(ឡុងដ៏)៖ យោងតាមរបាយការណ៍ចេញផ្សាយនាពេលថ្មីៗនេះ ដោយក្រុមអ្នកជំនាញអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេសបានបង្ហាញថា កងទ័ពរុស្ស៊ីមានសមត្ថភាពខ្លាំងបំផុត ចាប់តាំងពីការរំលាយនៃសហភាពសូវៀត ទោះបីជាមានទំហំកងទ័ពតូចជាងមុនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។

ក្រោយសង្រ្គាមត្រជាក់បានបញ្ចប់ទៅ សហភាពសូវៀតត្រូវបានរំលាយកាលពីឆ្នាំ១៩៩១ ហើយសហព័ន្ធរុស្ស៊ីបានលេចចេញរូបរាងឡើង ដោយបានទទួលមរតកជាសព្វាវុធដ៏ច្រើនពី កងទ័ពក្រហមរបស់សហភាពសូវៀត។ យ៉ាងណាមិញពេលដែលសេដ្ឋកិច្ចបានធ្លាក់ចុះ ជាងមួយទសវត្សរ៍កន្លងមកនេះ កងទ័ពរុស្ស៊ីក៏ធ្លាក់ចុះកម្លាំង និងឥទ្ធិពលផងដែរ។ នាពេលបច្ចុប្បន្ននេះ ក្រុមអ្នកជំនាញអង់គ្លេសបានព្រមានថា ក្រោយប្រើពេលជាងពីរទសវត្សរ៍នៃការស្តារឡើងវិញ ក៏ដូចជាការធ្វើកំណែទម្រង់ និងការវិនិយោគបន្ថែមទៅលើវិស័យយោធា កងទ័ពរុស្ស៊ីបានក្លាយទៅជាកងទ័ពខ្លាំងបំផុត គិតចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់។

កាលពីថ្ងៃពុធសប្តាហ៍នេះ វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រហៅកាត់ថា IISS បានចេញផ្សាយពីសំណុំឯកសារយុទ្ធសាស្រ្ត ស្តីពីការធ្វើទំនើបកម្មយោធារបស់ប្រទេសរុស្ស៊ី តាមរយៈការផ្លាស់ប្តូរការគិត ការអនុវត្ត និងឥទ្ធិពលរបស់មហាអំណាចលោកខាងលិចផងដែរ។ យោងតាម IISS បានឲ្យដឹងថា កងទ័ពរុស្ស៊ីស្ថិតនៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរបំផុតរហូតដល់ជម្លោះកាលឆ្នាំ ២០០៨ ជាមួយនឹងប្រទេសហ្សកហ្ស៊ី (Georgia) ដោយកងទ័ពរុស្ស៊ីបានប្រយុទ្ធប្រឆាំង ជាមួយនឹងក្រុមអ្នកជាតិនិយម ខូខាសៀន (Caucasian), អាប់ខាហ្ស៊ា (Abkhazia) និង សោតអូសសេត្យា (South Ossetia) ដែលបានប៉ុនប៉ង់ព្យាយាមបំបែករដ្ឋ។

នៅក្នុងកម្មវិធីកំណែទម្រង់មានឈ្មោះថា «ការសម្លឹងមើលថ្មី» នោះត្រូវបានអនុវត្តឡើង តាមរយៈការផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំ និងផ្តល់អទិភាពដល់កងពលតូចដែលជាស្នូលនៃកងទ័ពថ្មី។ ជាលទ្ធផលសមត្ថភាពរបស់កងទ័ពរុស្ស៊ីមានការកើនឡើងយ៉ាងខ្លាំង ដោយមានឧទាហរណ៍ជាក់ស្តែងនៅក្នុងសង្គ្រាមស៊ីរី។

ការធ្វើទំនើបកម្មបច្ចេកវិទ្យា ក៏បានជួយបង្កើនសក្តានុពលរបស់កងទ័ពរុស្ស៊ីផងដែរ។ អាវុធថ្មីៗមួយចំនួនដែលមានក្នុងរបាយការណ៍រួមមាន មីស៊ីលផ្លោងរយៈចម្ងាយខ្លី (Iskander-M), រថក្រោះចម្បាំងធុន T-72B3, គ្រូសមីស៊ីល (Kalibr 3M14), មីស៊ីលផ្លោងចេញពីនាវាមុចទឹកក្នុងគម្រោង 955 និងយន្ដហោះចម្បាំង Su-35S និង Su-57 ក៏ដូចជាយន្តហោះទម្លាក់គ្រាប់បែកប្រភេទ Tu-160 ដែលថ្មីៗនេះត្រូវបានផលិតឡើងវិញផងដែរ។ របាយការណ៍ខាងលើក៏បានកត់សម្គាល់ទៀតថា កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី ដែលបានរួចផុតពីភាពចលាចលនៅទសវត្សរ៍ឆ្នាំ១៩៩០ បានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃកងទ័ពរុស្ស៊ី ដែលអាចបញ្ចេញឥទ្ធិពលដ៏ខ្លាំងក្លាបំផុត ជាពិសេសជាមួយសមត្ថភាពថ្មី ដោយបានផ្លាស់ប្តូរពីមីស៊ីលផ្លោងចេញពីដីធម្មតា ទៅជាមីស៊ីលផ្លោងចេញពីជើងទម្រចល័តវិញ។

គួរបញ្ជាក់ថា បើទោះបីជាផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្សីមានកំណើនត្រឹមតែ ៣.៩% ភាគរយកាលពីឆ្នាំ២០១៩ ក៏ដោយ ការចំណាយលើវិស័យការពារជាតិរបស់រុស្ស៊ី ស្ថិតក្នុងចំណោមអត្រាខ្ពស់បំផុតនៅអឺរ៉ុប និងលើពិភពលោក។ រដ្ឋាភិបាលទីក្រុងម៉ូស្គូបានចំណាយថវិកាប្រហាក់ប្រហែលនឹង ៣.៤% នៃការចំណាយសរុបលើវិស័យយោធារបស់ពិភពលោក។ កាលពីខែមេសា វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកហូម (Stockholm) ហៅកាត់ថា SIPRI បានកត់សំគាល់ថា ប្រទេសរុស្ស៊ីបានចំណាយថវិកាលើវិស័យការពារជាតិ ច្រើនជាងគេធំបំផុតលំដាប់ទី ៤ នៅលើពិភពលោកឬស្មើនឹង ៦៥.១ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈដែលសហរដ្ឋអាមេរិកបានចំណាយលើសពី ៧៦០ពាន់លានដុល្លារដែលស្មើនឹង ៣៨% នៃការចំណាយយោធាសរុបរបស់ពិភពលោក នាំមុខប្រទេសរុស្ស៉ី ចិន និងឥណ្ឌា៕