(រ៉ូម)៖ ភាពតានតឹងបានកើតមានឡើងរវាងសហរដ្ឋអាមេរិក និងបុរីវ៉ាទីកង់ពាក់ព័ន្ធទៅនឹងប្រទេសចិន កំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅទីក្រុងរ៉ូមក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ដកស្រង់ពី AP នៅរសៀលថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ គឺពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនៅទីក្រុងរ៉ូម ដើម្បីចូលរួមសន្និសីទមួយស្តីពីសេរីភាពនៃសាសនា ដែលរៀបចំឡើងដោយស្ថានទូតអាមេរិកប្រចាំបុរីវ៉ាទីកង់ និងដើម្បីជួបជាមួយមន្រ្តីរបស់អ៉ីតាលី និងមន្រ្តីវ៉ាទីកង់នៅទីនោះព្រមតែម្តង។
កំឡុងសន្និសីទនៅថ្ងៃពុធ លោក Pompeo បានទទូចជាចំហឲ្យបុរីវ៉ាទីកង់ចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការថ្កោលទោសចំពោះអ្វីដែលទីក្រុងវ៉ាស៉ីនតោនចាត់ទុកថា ជាសកម្មភាពរំលោភបំពានសេរីភាព នៃសាសនានៅក្នុងប្រទេសចិន។ ចំណែកលោក ផូល ហ្គាលឡាហ្គឺ (Paul Gallagher) រដ្ឋមន្រ្តីការបរទេសវ៉ាទីកង់ ដែលមានវត្តមានក្នុងសន្និសីទនោះដែរ គឺមិនបាននិយាយអ្វីទាក់ទងនឹងចិនបន្តិចឡើយ នៅពេលដល់វេនលោកឡើងថ្លែងសុន្ទរកថា។
នៅថ្ងៃព្រហស្បតិ៍ លោក Pompeo ក៏បានជួបពិភាក្សាជាមួយសមភាគីខ្លួននៅវ៉ាទីកង់។ ក្នុងជំនួបនោះ លោក Pompeo បានទទូចឲ្យបុរីវ៉ាទីកង់ ប្រកាន់យកទស្សនៈរឹងមាំជាងមុន ហើយបញ្ចេញមតិប្រកបដោយមនសិកា ប្រឆាំងនឹងអ្វីដែលកើតឡើងនៅក្នុងប្រទេសចិន។ ដោយឡែក អ្នកនាំពាក្យបុរីវ៉ាទីកង់បាននិយាយថា កំឡុងជំនួបខាងលើភាគីទាំងពីរបានបង្ហាញគោលជំហររៀងៗខ្លួន អំពីទំនាក់ទំនងជាមួយចិន នៅក្នុងបរិយាកាសបើកចំហ និងប្រកបដោយការគោរពគ្នាទៅវិញទៅមក។
គួរជម្រាបថា បើតាមមន្រ្តីនៃបុរីវ៉ាទីកង់ សម្តេច ប៉ាប ហ្វ្រង់ស៉ីស បានបដិសេធមិនទទួលជួបជាមួយលោក Pompeo ឡើយ ក្រោមហេតុផលថា ព្រោះជិតដល់ពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ហើយមួយវិញទៀតគឺសម្តេចទើបតែបានជួបជាមួយលោក Pompeo កាលពីខែតុលា ឆ្នាំ២០១៩ប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងបញ្ហាប្រទេសចិន កាលពីខែកញ្ញាកន្លងទៅ លោក Pompeo ក៏បានរិះគន់លើបុរីវ៉ាទីកង់ ជុំវិញការចុះកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០១៨ ជាមួយទីក្រុងប៉េកាំងផងដែរ៕